(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសរំលេចថា រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំផ្ទាល់របស់សម្តេច បានសម្រេចនូវសមិទ្ធផលជាច្រើនសម្រាប់សង្គមជាតិ និងប្រជាជនក្នុងឆ្នាំ២០១៩កន្លងទៅនេះ។
ក្នុងសារលិខិតផ្ញើជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដែលបានប្រសូតចេញពីការបោះឆ្នោត ប្រកបដោយភាព សេរី យុត្តិធម៌ ត្រឹមត្រូវ តម្លាភាព ស្របទៅតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនិងបាន ទទួលការគាំទ្រ និងជំនឿទុកចិត្តពីប្រជាពលរដ្ឋដ៏ច្រើនលើសលប់ កំពុងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជា ប្រវត្តិសាស្ត្ររបស់ខ្លួន ជាមួយការប្តេជ្ញាចិត្តយ៉ាងមុតមាំឥតរាថយនិងកាន់តែស្វាហាប់ជាងពេលណាៗ ទាំងអស់ក្នុងការបម្រើប្រជាជនទ្វេដង ក៏ដូចជាក្នុងការពនឿនកិច្ចអភិវឌ្ឍនិងជំរុញអនុវត្តការកែទម្រង់កាន់តែស៊ីជម្រៅនិងទូលំទូលាយក្នុងគ្រប់វិស័យ ប្រកបដោយឆន្ទៈមុតស្រួចនិងកាន់តែមានប្រសិទ្ធភាព តាមរយៈការដាក់ចេញនូវផែនការសកម្មភាពថ្មីៗ ដ៏ម៉ត់ចត់និងប្រទាក់ក្រឡាគ្នា ក្នុងចំណោមការដ្ឋានកំណែទម្រង់នានា ជាពិសេសកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ វិមជ្ឈការនិងវិសហមជ្ឈការ កំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលបានធានានូវការលើកកម្ពស់អភិបាលកិច្ចល្អនៃស្ថាប័នរដ្ឋគ្រប់ថ្នាក់ ការផ្តល់សេវាសាធារណៈជូនប្រជាជន ការពង្រឹងយុត្តិធម៌និងសមភាពក្នុងសង្គម ការបង្កើនចំណូលថវិកាជាតិនិងការគ្រប់គ្រងចំណាយប្រកប ដោយវិចារណភាព និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឆ្ពោះទៅរកអនាគតមួយដ៏រុងរឿងស្របតាមឆន្ទៈនិង បំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលបន្តកសាងប្រទេសជាតិឱ្យមានវឌ្ឍនភាពលើគ្រប់វិស័យ និងការពារដាច់ខាត នូវឯករាជ្យជាតិ សន្តិភាព អធិបតេយ្យជាតិ និងបូរណភាពទឹកដី ការពារសមិទ្ធផលសង្គមជាតិ ទប់ស្កាត់ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ប្រឆាំងដាច់ខាតរាល់សកម្មភាពទាំងឡាយដែលពាក់ព័ន្ធនឹងបដិវត្តន៍ពណ៌ ឬការញុះញង់ណាមួយដែលជួយនឹងរដ្ឋធម្មនុញ្ញនិងគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ បង្កឱ្យមានអស្ថិរភាព នយោបាយឬចលាចលក្នុងសង្គមជាតិកម្ពុជា។
ជាលទ្ធផលកម្ពុជារក្សាបាននូវសុខសន្តិភាព ឯករាជ្យជាតិ និងអធិបតេយ្យភាពរបស់ខ្លួន ព្រមទាំងបញ្ចៀសបាននូវគ្រោះមហន្តរាយសម្រាប់ប្រជាជនកម្ពុជា ដែលកំពុង ចូលរួមយ៉ាងសស្រាក់សស្រាំក្នុងជីវភាពរស់នៅប្រចាំថ្ងៃនិងកិច្ចអភិវឌ្ឍប្រទេសជាតិ។ ដោយឈរលើមូលដ្ឋានដែលប្រទេសជាតិមានសន្តិសុខ ស្ថិរភាពនយោបាយ និងសន្តិភាពពេញលេញ នេះ ក្នុងឆ្នាំ២០១៩កន្លងទៅ តាមការប៉ាន់ស្មានសេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើនខ្ពស់ប្រមាណ ៧,១%។ កំណើនដ៏រឹងមាំនេះ ត្រូវបានឆ្លុះបញ្ចាំងតាមរយៈការរីកចម្រើននៃវិស័យឧស្សាហកម្ម កម្មន្តសាលសំណង់ កសិកម្ម និងសេវាកម្ម ដូចជា ទេសចរណ៍និងអចលនទ្រព្យជាដើម។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កម្ពុជាកំពុងតែផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យ ឧស្សាហកម្មនិងសេវាកម្ម។ កម្ពុជាបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចប្រកបដោយភាពប្រុងប្រយ័ត្ន និងធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព ហើយបានជំរុញនិងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ភាពប្រកួតប្រជែង ព្រមទាំងការផលិតនិងការប្រើប្រាស់ក្នុងស្រុក។
ទំហំពាណិជ្ជកម្មអន្តរជាតិមានប្រមាណជាង ៣៤,៥៩៦លានដុល្លារអាម៉េរិក ចំណែកឯការនាំចេញមានប្រមាណជាង ១៤,៩១៥លានដុល្លារអាម៉េរិក។ អត្រាប្តូរប្រាក់មានស្ថិរភាព អត្រាអតិផរណាស្ថិតក្នុងកម្រិតទាបនិងអាចគ្រប់គ្រងបាន ទុនបម្រុងអន្តរជាតិបានកើនជារៀងរាល់ឆ្នាំ អាស្រ័យដោយវិនិយោគផ្ទាល់ពីបរទេសមានកំណើនល្អនិងតុល្យភាពជញ្ជីងទូទាត់ក៏មានភាពកាន់តែប្រសើរឡើងដែរ។
សម្តេចតេជោបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការកែទម្រង់ឱ្យកាន់តែស៊ីជម្រៅនិងលើកទឹកចិត្តដល់អ្នកវិនិយោគឱ្យមកបោះទុននៅកម្ពុជាកាន់តែច្រើន ខណៈរាជរដ្ឋាភិបាលបានរៀបចំការសម្រួលពាណិជ្ជកម្ម ពង្រឹងភាពប្រកួតប្រជែងជូនវិនិយោគិននៅកម្ពុជា ក្រោមដំបូលសន្តិភាព លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដោយមិនមានការរើសអើង។
នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ខ្ពស់ទៅលើការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្រិតជីវភាពរបស់ប្រជាជនកាន់តែមានភាពល្អប្រសើរ ដែលបង្ហាញឱ្យឃើញតាមរយៈសូចនាករ សង្គម ជាពិសេសការកើនឡើងនៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស.) ជាមធ្យមសម្រាប់មនុស្សម្នាក់ពី ១,៥៤៨ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៨ ដល់ប្រមាណ ១,៦៧៩ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០១៩។ អត្រាភាពក្រីក្រត្រូវបានកាត់បន្ថយមកក្រោម ១០% ក្នុងឆ្នាំ២០១៩ និងបន្តធ្លាក់ចុះថែមទៀតនៅឆ្នាំ២០២០នេះ។
ម្យ៉ាងទៀតកម្ពុជារក្សាបានសន្តិសុខការងារ ដោយអត្រាគ្មានការងារមានប្រមាណ ០.៣% ប៉ុណ្ណោះ ហើយគម្លាតនៃ ប្រាក់ចំណូលរបស់ប្រជាជន ក៏មានការធ្លាក់ចុះជាលំដាប់ផងដែរ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានរៀបចំបង្កើនប្រាក់ចំណូលជូនមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធ ឱ្យទទួលបាននូវប្រាក់បៀវត្សកាន់តែខ្ពស់ពី មួយឆ្នាំទៅមួយឆ្នាំ ដែលក្នុងឆ្នាំ២០១៩កន្លងទៅ ប្រាក់បៀវត្សអប្បបរមារបស់មន្ត្រីរាជការនិងកងកម្លាំង ប្រដាប់អាវុធបានកើនដល់កម្រិតជាង ១,១លានរៀល ហើយការបើកបៀវត្សបានធ្វើទាន់ពេលវេលាគឺបើក ២ដងក្នុងមួយខែ តាមប្រព័ន្ធធនាគារ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅ រាជរដ្ឋាភិបាលសម្រេចបានការងារធំៗជាច្រើនវិស័យថែមទៀត ក្នុងនោះការកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ត្រូវបានបន្តអនុវត្តជាប់ជាប្រចាំស្របតាមការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាល ទី៤ ដើម្បីបម្រើដល់វិស័យដឹកជញ្ជូននិងការធ្វើដំណើររបស់ប្រជាជន។ រហូតមកដល់បច្ចុប្បន្នសមិទ្ធផលជាច្រើនក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាជរដ្ឋាភិបាលសម្រេចបាន ក្នុងនោះមានផ្លូវជាតិ ផ្លូវខេត្ត ផ្លូវលំ ជនបទ ស្ពានឆ្លងកាត់ទន្លេ ស្ពានអាកាសក្នុងរាជធានីភ្នំពេញ។ល។
ជាក់ស្តែងក្នុងឆ្នាំ២០១៩កន្លងទៅ រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការមានជាអាទិ៍ ផ្លូវជាតិលេខ៧ មានប្រវែង៩៣,៧០គ.ម. ផ្លូវជាតិលេខ១៣ មានប្រវែង ៦២,៤០គ.ម. ផ្លូវជាតិលេខ៥៣និងផ្លូវខេត្តលេខ១៥១B មានប្រវែង៧០,៦០គ.ម.។ ថ្មីៗនេះមានការបើកការដ្ឋានស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ មានប្រវែង១៩០,០១គ.ម. ក្រោម រូបភាពសាងសង់ ធ្វើអាជីវកម្ម និងផ្ទេរ (B.O.T.) ការបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ២និងផ្លូវជាតិ លេខ២២ មានប្រវែង ៧២,១៧គ.ម. និងការបើកការដ្ឋានស្ថាបនាផ្លូវជាតិលេខ១០ មានប្រវែង១៩៨,៧២ គ.ម. ព្រមទាំងការដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៨ មានប្រវែង១៧៤,១៦គ.ម. និងផ្លូវជាតិលេខ៥៥ មានប្រវែង១៨២,១៦គ.ម.។
ចំពោះវិស័យថាមពលអគ្គិសនីវិញ នៅឆ្នាំ២០១៩កន្លងទៅ បរិមាណផ្គត់ផ្គង់ដោយវារីអគ្គិសនីនិង រោងចក្រអគ្គិសនីដុតធ្យូងថ្ម ដែលជាប្រភពថាមពលផ្ទាល់របស់កម្ពុជា សម្រេចបានជាង ១០,៦២០លានគីឡូវ៉ាត់ម៉ោង បើធៀបនឹងឆ្នាំមុន ដែលមានជាង ៩,៦៦០លានគីឡូវ៉ាត់ម៉ោង កើនឡើង ៩,៩៣%។
ការតភ្ជាប់ខ្សែបណ្ដាញចរន្តឱ្យដល់ប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ថាមពលអគ្គិសនីរហូតមកដល់ឆ្នាំ២០១៩នេះ ចំពោះគេហដ្ឋានប្រជាពលរដ្ឋសុទ្ធសាធ បានកើនដល់ប្រមាណ ២,៦៨លានខ្នងផ្ទះ ត្រូវជាប្រមាណ ៧៤,៧៨% នៃ ចំនួនផ្ទះសរុបប្រមាណ ៣,៥៧លានខ្នង និងគ្របដណ្ដប់ដល់ភូមិប្រមាណ ៩២,៦៨% នៃចំនួនភូមិសរុប ១៤,៣៩៤ភូមិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្នុងឆ្នាំកុរឯកស័ក ព.ស.២៥៦៣ កន្លងទៅនេះដែរ ដោយសារអាកាសធាតុមានលក្ខណៈអំណោយផលល្អសម្រាប់ការបង្កបង្កើនផលដំណាំស្រូវនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យបរិមាណផលិតផលស្រូវរដូវវស្សា និងស្រូវរដូវប្រាំង សម្រេចបានប្រមាណជាង ១០,៨៨លានតោន គឺប្រហាក់ប្រហែលនឹងឆ្នាំ២០១៨ ដែលតាមការប៉ាន់ស្មាន យើងមានអតិរេកស្រូវជាង ៥,៧៦លានតោន គិតជាអង្ករស្មើនឹង ៣,៦៩លានតោន សម្រាប់បម្រើឱ្យការនាំចេញ។ រីឯការនាំចេញអង្ករទៅទីផ្សារបរទេសបានជាង ៦២ម៉ឺនតោន ទៅកាន់ទិសដៅ ៥៩ប្រទេស។
រហូតមកដល់បច្ចុប្បន្ន នៅព្រះរាជាណាចក្រកម្ពុជា វិស័យឧស្សាហកម្មនិងសិប្បកម្មបានរីកលូតលាស់ជាបន្តបន្ទាប់។ រោងចក្រសរុបមានចំនួនជាង ១, ៧០០រោងចក្រ ដែលភាគច្រើនជារោងចក្រកាត់ដេរសម្លៀកបំពាក់ស្បែកជើង និងមានឧស្សាហកម្មធុនតូចនិងមធ្យម និងសិប្បកម្មជាង ៥២ពាន់មូលដ្ឋាន ហើយដែលបានស្រូបកម្លាំងពលករសរុបប្រមាណជិត ២លាននាក់។
ស្របនឹងការរីកចម្រើនវិស័យឧស្សាហកម្ម និងសិប្បកម្ម រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើជីវភាពរស់នៅចំពោះកម្មករ និយោជិត ដោយបានដំឡើង ប្រាក់ឈ្នួលអប្បបរមាជូនកម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងកើនឡើងដល់ ១៩០ដុល្លារអាម៉េរិក ហើយបើក២ដងក្នុងមួយខែ នៅឆ្នាំ២០២០ ដោយមិនទាន់គិតប្រាក់អត្ថប្រយោជន៍ បន្ថែមផ្សេងៗទៀត ពីការអនុវត្តគោលនយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានគិតគូរនិងដោះស្រាយជូនបងប្អូន និយោជិត កម្មករ កម្មការិនីនូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ការពិនិត្យសុខភាព ការព្យាបាលជំងឺដោយមិនគិតថ្លៃនៅតាមមន្ទីរពេទ្យរបស់រដ្ឋ ការផ្តល់នូវរបបឧបត្ថម្ភមាតុភាពចំនួន ៤០ម៉ឺនរៀល សម្រាប់ការសម្រាលបានកូនមួយ តាមរយៈបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស.) ហើយបានដាក់ឱ្យអនុវត្តនូវការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះនិងកូនអាយុក្រោម ២ឆ្នាំនៃគ្រួសារមានបណ្ណសមធម៌ឬបណ្ណអាទិភាព ដើម្បីសម្រាលបន្ទុកលើកកម្ពស់ជីវភាពនិងអាហារូបត្ថម្ភ ដល់ស្ត្រីនិងកុមារ និងបានបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីផ្តល់ការគាំទ្រផ្នែកសុខភាពប្រកបដោយ គុណភាពនិងមិនគិតថ្លៃដល់កុមារកម្ពុជា និងការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈមិនគិតថ្លៃនៅពេល បុណ្យភ្ជុំបិណ្ឌនិងចូលឆ្នាំខ្មែរផងដែរ។
ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងជួយពលករកម្ពុជាដែលធ្វើការនៅបរទេសមានប្រមាណជាង ៦ម៉ឺននាក់ មានជាអាទិ៍ ប្រទេសថៃ សាធារណរដ្ឋកូរ៉េ ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង និងប្រទេសអារ៉ាប៊ីសាអូឌីត ក្នុងការធានានូវផលប្រយោជន៍ស្របច្បាប់និងមុខជំនាញបច្ចេកទេស។
វិស័យសំណង់បាននិងកំពុងរីកលូតលាស់ ដោយមានអគារខ្ពស់ៗប្រមាណជាង ១៧០០អគារ ចាប់ពី៥ជាន់ ទៅ៤០ជាន់ឡើង ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងនៅតាមបណ្ដាខេត្តមួយចំនួន។
ភ្ញៀវទេសចរអន្តរជាតិចូលមកព្រះរាជាណាចក្រកម្ពុជា មានចំនួនប្រមាណ ៦,៦១លាននាក់ កើនឡើងប្រមាណ ៦,៦០% និងភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ១១,៣០លាននាក់ កើនឡើងប្រមាណ ២,៣០% បើធៀបនឹងឆ្នាំ២០១៨ និងបានបង្កើតការងារដោយផ្ទាល់ដល់ប្រជាជនកម្ពុជា មានប្រមាណជាង ៦៣ម៉ឺននាក់។
ចំណូលពីវិស័យទេសចរណ៍ បានប្រមាណ ៤,៩១៩លានដុល្លារអាម៉េរិក កើនឡើង ១២,៤០% ហើយចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរទទួលបានប្រមាណជាង ៩៩លានដុល្លារអាម៉េរិក និងមានភ្ញៀវទេសចរអន្តរជាតិចូលទស្សនា ប្រមាណជាង ២,២លាននាក់។ នេះសបញ្ជាក់ឱ្យឃើញពីការរក្សា បាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងសន្តិភាពនៅទូទាំងប្រទេស ដោយអនុវត្តនូវវិធានការ ច្បាប់ដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល។
ចំពោះការងារការបរទេសវិញ រាជរដ្ឋាភិបាលបានខិតខំបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ និងកិច្ចសហប្រតិបត្តិការអន្តរជាតិលើគ្រប់វិស័យ ដោយទទួលបាននូវលទ្ធផលប្រកបដោយផ្លែផ្កា ជាអាទិ៍ វេទិកាខ្សែក្រវាត់និងផ្លូវលើកទី២ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅទីក្រុងប៉េកាំង សាធារណរដ្ឋ ប្រជាមានិតចិន សន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន កិច្ចប្រជុំ ត្រួតពិនិត្យឡើងវិញជាសកលលើកទី៧ ស្ដីពីជំនួយសម្រាប់ពាណិជ្ជកម្មក្រោមមូលបទ «ការគាំទ្រពិពិធកម្ម និងការលើកកម្ពស់សេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាបន្នតាមរយៈជំនួយសម្រាប់ ពាណិជ្ជកម្ម» និងចូលរួមព្រឹត្តិការណ៍ផ្សេងៗ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស និងកិច្ចប្រជុំកំពូលអាស៊ី ប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា នៅរាជធានីភ្នំពេញ ហើយនៅឆ្នាំ២០២០នេះ ព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣។
គិតចាប់តាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០១៩ គឺជាឆ្នាំទី១៣ ដែលព្រះរាជាណាចក្រកម្ពុជាបានបញ្ជូនកម្លាំងកងយុទ្ធពលខេមរភូមិន្ទទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពក្រោមឆត្ររបស់អង្គការសហប្រជាជាតិសរុប ៦,៥៥៧នាក់(ស្រី៣៣៨នាក់) មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ខាងត្បូង សាធារណរដ្ឋស៊ូដង់ សាធារណរដ្ឋលីបង់ សាធារណរដ្ឋឆាដ សាធារណរដ្ឋស៊ីប សាធារណរដ្ឋម៉ាលី សាធារណរដ្ឋយេម៉ែន និងសាធារណរដ្ឋអាហ្វ្រិកកណ្ដាល៕