(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ ជាមួយរដ្ឋមន្រ្តីការបរទេសអាស៊ានដទៃទៀត តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នៅទីស្តីការក្រសួង។

កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ស្តីពីកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូនេះ បានធ្វើឡើងស្របតាមគំនិតផ្តួចផ្តើមរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

នៅក្នុងកិច្ចប្រជុំ រដ្ឋមន្រ្តីការបរទេសអាស៊ានទាំងអស់ បានធ្វើការពិភាក្សាផ្លាស់ប្តូរយោបល់អំពីវិធានការ ឆ្លើយតបរួមរបស់អាស៊ាន ចំពោះការផ្ទុះឡើងយ៉ាងឆាប់រហ័សនៃកូវីដ-១៩ ក៏ដូចជា ដើម្បីត្រៀមរៀបចំកិច្ចប្រជុំកំពូលអាស៊ានពិសេស និងកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្តីពីកូវីដ-១៩ ដែលគ្រោងនឹងរៀបចំឡើងនាពេលឆាប់ៗខាងមុខនេះ។

បើតាមសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា កិច្ចប្រជុំនេះ ជាជំហានមួយយ៉ាងសំខាន់ សម្រាប់សកម្មភាពរួមគ្នារបស់អាស៊ាន ក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខុមាលភាពពិភពលោក ដែលកំពុងគំរាមកំហែងដោយកូវីដ-១៩ និងដើម្បីពង្រឹងភាពរឹងមាំរបស់អាស៊ានផងដែរ៕