(កោះកុង)៖ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ សាលាស្រុកមណ្ឌលសីមា ខេត្តកោះកុង បានរៀបចំពិធីរំឭកខួបលើកទី៣៧ នៃទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០១៦) ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋទូរទាំងប្រទេស បានរួចផុតពីរបបវាលពិឃាត ជារបបប្រល័យពូសាសន៏ ដែលខ្មែរស្ទើរបាត់ឈ្មោះ។
ការរំឭកខួប ៧ មករា ១៩៧៩-៧មករា ២០១៦ នាព្រឹកថ្ងៃទី៧ ខែមករានេះ ដោយមានការចូលរួម ក្រោមអធិបតីភាព លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្ត លោក ហាក់ ឡេង អភិបាលស្រុមណ្ឌលសីមា និងមន្រ្តីរាជការក្រោមឱវាទ ព្រមទាំងមានការចូលរួមពី កងកម្លាំងប្រដាប់អាវុធលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់។
ការរំឭកខួបអនុស្សាវរីយ៍ថ្ងៃ៧មករានេះ លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តបានឲ្យដឹងថា ថ្ងៃ៧មករា ១៩៧៩ ជាថ្ងៃដែលបងប្អូនប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេសចងចាំមិនភ្លេច ព្រោះជាថ្ងៃកំណើតទី២ ជាថ្ងៃប្រវត្តិសាស្រ្ត ដែលប្រទេសកម្ពុជា បានឆ្លងផុតវាលពិឃាត ដែលជារបបខ្មៅងងឹតសម្លាប់ មនុស្សគ្មានញញើតដៃ។
លោកបានបន្តថា ប្រជាពលរដ្ឋទូរទាំងប្រទេស មានថ្ងៃនេះ ដោយសារសម្តេចទាំង៣ ជាពិសេសសម្តេចតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីរកដំណោះស្រាយជូនជាតិមាតុភូមិ ឲ្យការអភិវឌ្ឍន៍ រីកចំរើនគ្រប់ចក្ខុវិស័យគ្រប់បែបយ៉ាង និងបង្កើននូវធនធានមនុស្ស ឲ្យការលូតលាស់៕