(ភ្នំពេញ)៖ លោក ហៀ ហ៊ីន ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជានាយករងមជ្ឈមណ្ឌលបណ្តុះបណ្តាល ការងាររដ្ឋបាល នៃកងយោធពលខេមរភូមិន្ទ បានចាត់តាំងលោក ហឿន លូកា ជាតំណាងនាំយកអំណោយជាស្បៀងអាហារ ប្រគល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ស្រុកសន្ទុក ដើម្បីជួយឧបត្ថម្ភ ទៅដល់ប្រជាពលរដ្ឋក្រីក្រ និងមានការលំបាកខ្វះខាត រស់នៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងគ្រាដែលជំងឺ COVID-19 កំពុងរីករាលដាលនៅលើពិភពលោក និងប្រទេសកម្ពុជា។
ការប្រគល់គ្រឿងឧបភោគបរិភោគនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ ម្សិលមិញ, លោក ហឿន លូកា តំណាង បានពាំនាំនូវការផ្តល់អំណោយនេះដោយលោក ហៀ ហ៊ីន បានមើលឃើញពីការលំបាកខ្វះខាត របស់ប្រជាពលរដ្ឋមួយចំនួន មានជីវភាពក្រីក្រ ក្នុងសភាពការណ៍ដែលជំងឺ COVID-19 កំពុងរីករាលដាល ដូច្នេះ លោកជួយឧបត្ថម្ភជាស្បៀងអាហារ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយការលំបាល និងខ្វះខាតរបស់ប្រជាពលរដ្ឋ ជាពិសេសនៅក្នុងឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ជួយសម្រួលជាបណ្តោះអាសន្ន។
លោក ហឿន លូកា ក៏បានផ្តាំផ្ញើរដល់អាជ្ញាធរដែនដីឃុំកកោះ បន្តជួយអប់រំ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ចេះអនាម័យ ការពារ និងថែរក្សាសុខភាពរបស់ខ្លួនពីជំងឺ COVID-19 ហើយបើមានអ្នកចំណាកស្រុក ត្រូវដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ស្របតាមណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
លោក សន វឿន ក្នុងនាមប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសន្ទុក អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ឃុំកកោះ បានថ្លែងអំណរគុណចំពោះលោក ហៀ ហ៊ីន និងលោក ហឿន លូកា ដែលបានជួយឧបត្ថម្ភនូវស្បៀងអាហារមកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះនូវការលំបាកខ្វះខាតស្បៀងអាហារ នៅពេលនេះ។
លោកបានបញ្ជាក់ថា នឹងខិតខំនាំយកនូវអំណោយទាំងនេះ ទៅចែកជូនដល់ដៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងលំបាកខ្វះខាត នៅក្នុងឃុំកកោះ និងឃុំនានាដទៃទៀត នៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ដែលរងគ្រោះក្នុងស្ថានភាព នៃការរីករាលដាលនៃជំងឺ COVID-19។
អំណោយដែលឧបត្ថម្ភនាពេលនោះ រួមមាន៖ អង្ករចំនួន ១តោន (ស្មើរនឹង១០០បេ), មី៣០កេស និងស្រាបៀរ ចំនួន ៣០កេស៕