(ភ្នំពេញ)៖ Orange Esports PUBG Mobile ដែលជាក្រុមកីឡាអេឡិចត្រូនិច ដ៏លេចធ្លោជាងគេបំផុតមួយ នៅក្នុងប្រទេសកម្ពុជា បានឡើងបន្តទៅកាន់កម្មវិធី Southeast Asia World Finals បន្ទាប់ពីទទួលបានជ័យជម្នះ នៅក្នុងកម្មវិធីប្រកួត PMCO Spring Split 2020 Wild Card Finals នាថ្ងៃទី០៥ ខែមេសា កន្លងទៅ។
ក្រុមហ៊ុន សែល កាត បានចូលរួមសហការជាមួយក្រុម Orange Esports ក្នុងនាមជាក្រុមហ៊ុនបណ្តាញទូរស័ព្ទដៃគូផ្លូវការ នៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហការ យូរអង្វែង ដែលត្រូវបានប្រកាស កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ដោយលោក Ian Watson នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត និងលោក Ian Tan Wei Lun នាយកគ្រប់គ្រងរបស់ក្រុម Orange Esports។
ការប្រកួតនេះ ត្រូវបានផ្សាយបន្តផ្ទាល់ ជូនទស្សនាជាភាសាខ្មែរដោយឥតគិតថ្លៃ នៅលើទំព័រហ្វេសប៊ុករបស់ Cellcard Play។ តាមរយៈការរៀបចំ ផ្នែកធនធាន ផលិតកម្ម របស់សែលកាត លោក Ice Frogz និង Pro MENG ដែលជាអ្នកអត្ថាធិប្បាយជនជាតិខ្មែរ ដ៏មានប្រជាប្រិយភាព ត្រូវបានអញ្ជើញ ឲ្យចូលរួមអត្ថាធិប្បាយ សកម្មភាពនៃការប្រកួត ដើម្បីជួយបង្កឲ្យបរិយាកាស នៅក្នុងកម្មវិធីកាន់តែជក់ចិត្តខ្លាំងឡើង។
កិច្ចសហការក្នុងនាម ជាដៃគូរបស់សែលកាតជាមួយក្រុម Orange Esports និងការគាំទ្រដល់សហគមន៍ PUBG Mobile នៅកម្ពុជា គឺជាផ្នែកមួយនៃកិច្ចខិតខំ ប្រឹងប្រែង របស់ក្រុមហ៊ុនសែលកាត ក្នុងការជួយគាំទ្រដល់វិស័យហ្គេម និងសហគមន៍កីឡាអេឡិចត្រូនិចក្នុងស្រុក ក៏ដូចជាពង្រឹងនូវជំហររបស់ក្រុមហ៊ុន ក្នុងនាមជាប្រតិបត្តិករ បណ្តាញទូរស័ព្ទលឿនជាងគេបំផុត នៅក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនសែលកាត ត្រូវបានទទួលស្គាល់ជាជ័យលាភីពានរង្វាន់ Ookla Speedtest Award Winner ប្រចាំប្រទេសកម្ពុជា ក្នុងរយៈពេល៣ឆ្នាំជាប់ៗគ្នា ដូច្នេះ អ្នកគាំទ្រវិស័យហ្គេម ពិតជានឹងអាចរីករាយជាមួយបទពិសោធន៍នៃការលេងហ្គេមកំសាន្តដ៏រលូនបំផុត។
កម្មវិធីប្រកួត Southeast Asia World Finals ត្រូវបានគេរំពឹងទុកថា នឹងប្រារព្ធឡើងនៅថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២០៕