(ភ្នំពេញ)៖ ជាមួយការឈានមកដល់ខូប ៣៧ឆ្នាំ នៃថ្ងៃជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០១៦) អង្គភាពព័ត៌មាន Fresh News បានព្យាយាមស្វែងរកជន ដែលបានជ្រួតជ្រាបរឿងរ៉ាវ ព្រមទាំងស្ថានភាពនានា ក្នុងរបបខ្មែរក្រហម ដើម្បីលាតត្រដាង រឿងរ៉ាវខ្លះៗ ជូនមិត្តអ្នកអាន ជាពិសេសយុវជនជំនាន់ក្រោយ។ ទីបំផុតទៅ Fresh News ក៏បានជួបជាមួយអតីតទាហានខ្មែរក្រហម ម្នាក់នៅខេត្តឧត្តរមានជ័យ ដែលបានចូលប្រឡូកក្នុងចលនាតស៊ូទម្លាក់របបសាធារណរដ្ឋរបស់សេនាប្រមុខ លន់ នល់ (១៨ មីនា ១៩ ៧០-១៧ មេសា ១៩៧៥) នៅអំឡុងឆ្នាំ៧៣ រហូតដល់ឆ្នាំ១៩៩៨ ទើបធ្វើសមាហរណកម្មចូលរួមរស់ជាមួយរាជរដ្ឋាភិបាល។
លោក វ៉ាន់ កុសល បច្ចុប្បន្នមានវ័យប្រមាណ ៦៣ឆ្នាំ ជាអតីតសិស្សថ្នាក់ទី៣ នៃវិទ្យាល័យអង្គតាសោម ខេត្តតាកែវ (បច្ចុប្បន្នឈ្មោះ សុខ អាន ១ ឧសភា) នាអំឡុងចុងទសវត្សរ៍ឆ្នាំ៦០។ លោក បានសម្រេចចិត្តចូលរួមចលនាតស៊ូរំដោះជាតិតាមព្រះរាជអំពាវនាវរបស់ សម្តេច ព្រះបរមរត នកោដ្ឋ នរោត្តម សីហនុ ចេញពីកណ្តាប់ដៃរបស់លោកសេនាប្រមុខ លន់ នល់ និង បក្ខពួកនៅអំឡុងឆ្នាំ១៩៧៣ តាមរយៈឆ្លបភូមិ។
លោក វ៉ាន់ កុសល បានរំលឹកថា ក្រោយពេលចូលរួមក្នុងចលនាតស៊ូ រូបលោកត្រូវបានគេបំពាក់បំប៉ន់មនោគមន៍វិជ្ជា និង អប់រំបញ្ចុះ បញ្ចូលឲ្យខិតខំតស៊ូរំដោះប្រទេសចេញរបបរបស់លោក លន់ នល់ ដោយគេបានហៅរបបនេះថា ជារបបសក្តិភូមិ ពុករលួយជិះជាន់ កេងប្រវ័ញ្ចប្រទេសជាតិ និង ប្រជារាស្ត្រ ដើម្បីនាំមកវិញនូវសិទ្ធិសេរីភាពស្មើគ្នារបស់ប្រជាពលរដ្ឋ។
«នៅពេលណុងខ្ញុំទើបមានអាយុ១៩-២០ឆ្នាំ យើងមិនដឹងថា អ្វីទៅកុម្មុយនីស្តអីនៅឡើយទេ។ គ្រាន់តែឮសម្តេច (សម្តេច នរោត្តម សីហនុ) អំពាវនាវឲ្យតស៊ូរំដោះប្រទេសចេញពីរបបកុម្មុយនីស្ត របបជិះជាន់ ទាមទារសិទ្ធិសេរីភាព។ ហើយយើងរំពឹងថា នឹងទទួលបានសន្តិ ភាពជូនប្រទេសជាតិ យើងក៏ចូលទៅ»។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាន់ កុសល។
បន្ទាប់ពីចូលរួមរស់ និងបំពាក់បំប៉នបានរយៈពេលប្រមាណជា ១ឆ្នាំ ពោលនៅឆ្នាំប្រមាណ១៩៧៤ លោក វ៉ាន់ កុសល ត្រូវបានគេយក ទៅដាក់បញ្ចូលក្នុងកងពលលេខ២ នៅទិសខាងត្បូងរាជធានីភ្នំពេញ ដើម្បីបើកការវាយប្រហារចូលរាជធានីភ្នំពេញ។ យុវជន វ៉ាន់ កុស ល ក៏ដូចជាកម្លាំងតស៊ូដទៃទៀត ប្រឹងប្រែងអស់កម្លាំងកាយប្រកបដោយភាពអង់អាចក្លាហាន ជាមួយក្តីរំពឹងថា សង្រ្គាមនឹងត្រូវបញ្ចប់ ទទួលបានសុខសន្តិភាព ក្រោយពេលវាយប្តួលរបបសាធារណរដ្ឋខ្មែរ ដែលមានអាមេរិកជាបង្អែក។
ចុងឆ្នាំ១៩៧៤ ចូលដើមឆ្នាំ១៩៧៥ កម្លាំងចលនាតស៊ូបានវាយប្រយុទ្ធសន្ធាប់ខ្លាំង រហូតវាយផ្តាច់ក្រវ៉ាត់ការពារធំៗរបស់កងទ័ពសាធា រណរដ្ឋ និងកាន់កាប់បានរាជធានីភ្នំពេញទាំងស្រុងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ទាំងកងទ័ពតស៊ូ ទាំងប្រជាពលរដ្ឋតាមជនបទ និងក្នុងរាជធានី សុទ្ធតែបានបង្ហាញក្តីសប្បាយរីករាយ និងរំពឹងថា សង្រ្គាមនៅកម្ពុជា ដែលបានញាំញីជីវិតរបស់ពួកគេនឹងត្រូវបញ្ចប់ ជំនួសមកវិញ ដោយសុខសន្តិភាព។
ការរំពឹងទុកនេះ បែរត្រូវរលាយសាបសូន្យ ក្តីទុក្ខសោកវេទនាមិនអាចគណនា សោកនាដកម្មដ៏សែនខ្លោចផ្សា ក៏បានធ្លាក់មកដល់នៅ ពេលប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញទាំងអស់ ត្រូវបានគេបង្ខំឲ្យចាកចេញពីរាជធានីភ្នំពេញដោយគ្មានយកអ្វីជាប់ខ្លួនទាំងអស់។ រូប ភាព នៃការនិរាសព្រាត់ប្រាស់បានកើតឡើង គ្រោះអត់ឃ្លានបានសម្លាប់ប្រជាពលរដ្ឋខ្មែរជាបន្តបន្ទាប់ផងដែរ។
លោក វ៉ាន់ កុសល បានបញ្ជាក់ថា នៅថ្ងៃទី១៧ មេសា ឆ្នាំ១៩៧៥ ដែលជាថ្ងៃវាយដណ្តើមយករាជធានីភ្នំពេញនោះ រូបលោក និង កម្លាំងតស៊ូដទៃទៀត បានវាយចូលមកដល់ត្រឹមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក៏ត្រូវបានគេបញ្ជាឲ្យត្រឡប់ទៅការពារនៅតាមព្រំ ដែនភ្នំដិន ក្នុងខេត្តតាកែវ។
លោក វ៉ាន់ កុសល បានឲ្យដឹងទៀតថា បន្ទាប់ពីការវាយដណ្តើមកាន់កាប់បានរាជធានីភ្នំពេញហើយ មេដឹកនាំរបបកម្ពុជាប្រជាធិប តេយ្យដឹកនាំដោយ ប៉ុល ពត ខៀវ សំផន នួន ជា និង អៀង សារី ដែលលោក កុសល បានឮត្រឹមឈ្មោះមិនដែលឃើញមុខនោះ បាន ចាប់ផ្តើមជម្រុះកងទ័ពតស៊ូចោល ឬ ដកឲ្យទៅនៅតាមសមរភូមិក្រោយ ហើយពួកគេ ក៏បានចាប់ផ្តើមហ្វឹកហាត់កម្លាំងថ្មីសុទ្ធតែក្មេងៗ។ បើតាមលោក វ៉ាន់ កុសល ព្រោះតែការជម្រុះទ័ពប្រយុទ្ធធ្វើបដិវត្តខ្លាំងៗ ចោលនេះហើយ ទើបធ្វើឲ្យកម្លាំងទ័ពក្នុងរបបកម្ពុជាប្រជាធិប តេយ្យត្រូវចុះខ្សោយ។
ក្រោយដណ្តើមកាន់កាប់ប្រទេសបានហើយ លោក កុសល ដែលគេដឹងថា មានការរៀនសូត្របានគួរសម ឬគេហៅថា អនុជនសិស្ស នោះ មិនត្រូវបានមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យអនុញ្ញាតឲ្យកាន់ការងារអ្វីច្រើនឡើយ គេអនុញ្ញាតឲ្យធ្វើត្រឹមជាប្រធានក្រុមក្តោប ក្តាប់កងកម្លាំងប្រមាណ៧-៨ នាក់ប៉ុណ្ណោះ ហើយកងទ័ព ក៏ត្រូវបានអង្គការបញ្ជាឲ្យចុះធ្វើស្រែ ដូចប្រជាពលរដ្ឋទូទៅផងដែរ។
លោក វ៉ាន់ កុសល បានទទួលស្គាល់ថា របប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពិតជាបានជិះជាន់បំបិទសិទ្ធិសេរីភាព និងធ្វើបាបយ៉ាងវេទនាបំផុត។ ជាពិសេសដំណាំ ដែលខ្លួនដាំ សត្វ ដែលខ្លួនចិញ្ចឹម ក៏គ្មានសិទ្ធិបេះហូប ឬយកធ្វើជាអាហារបានឡើយ។ ប្រជាពលរដ្ឋរស់ជាមួយការ អត់ឃ្លានយ៉ាងខ្លាំង និងបង្ខំឲ្យធ្វើការយ៉ាងទារុណ។
លោក វ៉ាន់ កុសល បានបញ្ជាក់ថា «នៅឆ្នាំ១៩៧៦ នៅពេលខ្ញុំសុំគេមកលេងម៉ែខ្ញុំ ខ្ញុំមើលឃើញពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរយ៉ាងខ្នាំង។ ដូងដែលដាំ មាន់ដែលយើងចិញ្ចឹម យើងមិនអាចបេះ ឬកាប់សម្លាប់ធ្វើជាអាហារបានឡើយ ប្រជាពលរដ្ឋត្រូវបានបង្ខំឲ្យធ្វើការយ៉ាង ទារុណ។ ប្រជាពលរដ្ឋលំបាកណាស់ ហូបបបររួមគ្នា តែកងទ័ពនៅគ្រាន់បើបន្តិច គឺហូបបាយលាយជាមួយពោត»។
ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លោក កុសល ដែលគ្រាន់តែជាទាហានតូចតាចមួយរូបនោះ ហាក់មិនសូវបានដឹងរឿងរ៉ាវច្រើនក្នុងរបប មួយនេះឡើយ គ្រាដែលពួកគេបានរឹតបន្តឹងយ៉ាងខ្លាំង មិនអនុញ្ញាតឲ្យនរណានិយាយ ឬ ផ្សព្វផ្សាយអ្វីច្រើនឡើយ ដោយអនុវត្តតាម ទ្រឹស្តីថា «រឿងគេ គេដឹង! រឿងយើង យើងដឺង»។
លោក កុសល បានឲ្យដឹងដែរថា ក្រោយពេលវាយបែករាជធានីភ្នំពេញ ព្រោះតែការដាក់ចេញគោលនយោបាយជិះជាន់កៀបសង្កត់ បង្ក ទុក្ខវេទនាលើប្រជាពលរដ្ឋ របបខ្មែរក្រហម ក៏ចាប់ផ្តើមរង្គោះរង្កើជាបន្តបន្ទាប់ ពោលមានកម្លាំងតស៊ូនៅតាមជាយដែនជាច្រើន បានងើប ប៉ះបោរ វាយផ្តួលរំលំរបបមួយនេះជាបន្តបន្ទាប់។ ព្រោះតែហេតុនេះ បានធ្វើឲ្យមេដឹកនាំក្នុងរបប ដ៏ប្រល័យបានកើតការព្រួយបារម្ភពី ការដួលរំលំ ភ័យខ្លាចចលនាបដិវត្ត ក៏បានចាប់ផ្តើមអនុវត្តគោលនយោបាយកាប់សម្លាប់មនុស្សជាច្រើន ដោយចោទថា ក្បត់ជាមួយ អង្គការ ក្នុងនោះកងកម្លាំងតស៊ូវាយប្តួលរបបសាធារណរដ្ឋខ្មែរជាច្រើន ក៏ត្រូវបានគេយកទៅសម្លាប់ជាបន្តបន្ទាប់ដែរ។
អតីតទាហានខ្មែរក្រហម លោក វ៉ាន់ កុសល ត្រូវបានអង្គការដកចេញពីតំបន់ភ្នំដិន ក្នុងខេត្តតាកែវ ឲ្យទៅឈរជើងនៅខេត្តស្វាយរៀង បន្ទាប់ពីមានចលនាប៉ះបោរខ្លាំងនៅតាមទល់ដែន ហើយក៏ជាកន្លែងលោកវាយប្រយុទ្ធគ្នាខ្លាំងជាមួយខ្មែរគ្នាឯង ក្នុងចន្លោះឆ្នាំ ១៩៧៧-១៩៧៨-១៩៧៩។
ក្រោយកម្លាំងតស៊ូរណសិរ្សសាមគ្គីសង្រ្គោះជាតិ ដែលមានយុទ្ធជនសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ រួមជាមួយកម្លាំងអ្នកស្នេហាជាតិជាច្រើនទៀត បានវាយប្តួលរំលំរបបវាលពិឃាត ដ៏ឃោរឃៅនេះទាំងស្រុងនៅថ្ងៃទី០៧ ខែ មករា ឆ្នាំ១៩៧៩ លោក កុសល រួមនិងមិត្តភក្តិជាច្រើន ក៏រត់គេចខ្លួនរហូតទៅដល់ខេត្តព្រះវិហារទល់ដែនប្រទេសថៃ។
លោក កុសល បានរំលឹកថា នៅអំឡុងពេលខ្មែរក្រហម កំពុងវាយជាមួយកងទ័ពតស៊ូនេះ មេកម្មាភិបាលជាច្រើនរូប ត្រូវបានអង្គការដក ចេញ ហើយក៏សម្លាប់ចោលតែម្តង។ ការដកមេកម្មាភិបាលនេះ ដោយសារអង្គការសង្ស័យថាក្បត់ចុះចូលជាមួយចលនាតស៊ូ ហើយក៏ ជាចំណុច ដែលធ្វើឲ្យកងទ័ពខ្មែរក្រហម ត្រូវចុះចាញ់ផងដែរ។
ក្រោយពេលរត់គេចខ្លួនទៅដល់ជាយដែនក្នុងខេត្តព្រះវិហារ នៅអំឡុងឆ្នាំ១៩៨៦-១៩៨៧ លោក កុសល ត្រូវបានមេខ្មែរក្រហម ដែល បោះមូលដ្ឋានតស៊ូចុងក្រោយនៅតាមជាយដែនខ្មែ-ថៃ ប្រគល់តួនាទីជាមេកងពលលេខ៦១២ ដែលក្តោបក្តាប់កងទ័ពប្រមាណ ៣០០ ទៅ ៤០០នាក់។
ដូចពលរដ្ឋខ្មែរបានដឹងថា បើទោះបីជាប្រទេស ត្រូវបានរំដោះនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ និងមានកិច្ចចរចាសន្តិភាព ២៣ តុលា ឆ្នាំ១៩៩១ក្តី តែសង្គាើទមស៊ីវិល និងសំឡេងផ្ទុះអាវុធរវាងកងទ័ពរដ្ឋាភិបាលក្នុងរបបរដ្ឋកម្ពុជា និង កម្លាំងខ្មែរក្រហម ក៏ដូចជាទ័ពក្នុងព្រៃ ជាយដែនប្រទេសកម្ពុជាមិនបានបញ្ចប់ទាំងស្រុងឡើយ។
លោក វ៉ាន់ កុសល បានរំលឹកឡើងថា នៅអំឡុងទសវត្សរ៍ឆ្នាំ៨០នេះ ការប្រយុទ្ធគ្នារវាងកងទ័ពខ្មែរក្រហម និង កងទ័ពរបស់រដ្ឋាភិបាល បានកើតឡើងយ៉ាងហោចណាស់ ២ ទៅ៣ដង ក្នុងមួយខែ។ តែសង្រ្គាមទាំងអស់នេះ ត្រូវបានបិទបញ្ចប់ទាំងស្រុង តាមរយការដាក់ ចេញយុទ្ធសាស្រ្តឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ហើយ ឈានដល់ការធ្វើសមាហរណកម្មបញ្ចូលកងទ័ពខ្មែរក្រហមទាំងអស់ ទៅជាកងទ័ពរបស់រដ្ឋាភិបាលនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៩៨។
លោក កុសល ដែលបានប្រយុទ្ធក្នុងសមរភូមិជាច្រើនឆ្នាំ រងអំបែងគ្រាប់ចំនួន ៨ដងលើសមរភូមិ បានវាយតម្លៃខ្ពស់ និង កោតសរសើរ ជាខ្លាំងទៅលើយុទ្ធសាស្រ្តឈ្នះឈ្នះ របស់សម្តេចតេជោ ដែលបានរក្សាទុកតួនាទី និង ទ្រព្យសម្បត្តិរបស់ទាហានខ្មែរក្រហម ជាហេតុ ធ្វើឲ្យទាហានខ្មែរក្រហមទាំងអស់ស្ម័គ្រចិត្តចុះចូលជាមួយរដ្ឋាភិបាល ដោយឥតមានលក្ខខណ្ឌ។
លោក កុសល បានថ្លែងដូច្នេះថា «ខ្ញុំពិតជាកោតសរសើរមែនទែន ចំពោះយុទ្ធសាស្រ្តរបស់សម្តេច ដែលបានដាក់ចេញដោយរក្សាទុក រាល់តួនាទីភារកិច្ច និងទ្រព្យសម្បត្តិរបស់កងទ័ពខ្មែរក្រហម ធ្វើឲ្យរូបខ្ញុំ និងកងទ័ពខ្មែរដទៃទៀតស្ម័គ្រចិត្តចុះចូលជាមួយរដ្ឋាភិបាល ដោយ មិនលក្ខខណ្ឌអ្វីទៀតនោះឡើយ»។
ក្រោយពីធ្វើសមាហរណកម្មរយៈពេល ១៨ឆ្នាំមកនេះ អតីតទាហានខ្មែរក្រហមរូបនេះ កំពុងតែរស់នៅជាមួយជីវភាពមួយសមរម្យមាន ផ្ទះក្បឿងមួយខ្នងយ៉ាងស្កឹមស្កៃ ក្នុងភូមិ-ឃុំ-ស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ លោក កុសល មានកូនចំនួនពីរនាក់ មានក្រុម គ្រួសារអស់ហើយ។ បច្ចុប្បន្នលោក កុសល ដែលជាអតីតទាហានខ្មែរក្រហម ប្រឆាំងជាមួយគណបក្សប្រជាជនកម្ពុជានោះ បាននិង កំពុងក្លាយទៅជា ប្រធានក្រុមប្រឹក្សាស្រុកត្រពាំងប្រាសាទ នៃគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រកបរបរធ្វើស្រែចំការផងដែរ។
លោក វ៉ាន់ កុសល បានបញ្ជាក់ថា ទាំងរូបលោក និង អតីតទាហានខ្មែរក្រហមដទៃទៀត គឺបានពេញចិត្តពេញថ្លើមខ្លាំងចំពោះការដឹក នាំរបស់សម្តេចតេជោ ហ៊ុន សែន។ លោក កុសល បានមើលឃើញថា ការដឹកនាំរបស់នាយករដ្ឋមន្រ្តីកម្ពុជា នាសតវត្សរ៍ទី២១នេះ គឺ កំពុងមានការបង្រួបបង្រួមជាតិមួយដ៏ល្អ ដែលអាចនិយាយបានថា ជាសម័យកាលមួយដ៏ខ្លាំង បន្ទាប់ពីការដួលរលំចក្រភពអង្គរនាអំ ឡុងសតវត្សរ៍ទី ១៣។ លោកបានលើកឡើងថា ដោយទៅតាមឯកសារប្រវត្តិសាស្រ្តថា ក្រោយចក្រភពអង្គរដួលរលំរាជាខ្មែរ ក៏ដូចថ្នាក់ ដឹកនាំខ្មែរកាប់សម្លាប់ និងបែកបាក់គ្នាជារៀងរហូតមក។
ជាធម្មតារបបដឹកនាំគ្រប់សម័យកាលសុទ្ធតែមានខុស និងត្រូវ គ្រាន់តែថា សម័យកាលខ្លះការដឹកនាំខុសច្រើន និង សម័យកាលខ្លះ ទៀតការដឹកនាំត្រូវច្រើនប៉ុណ្ណោះ។ ចំពោះការដឹកនាំរបស់សម្តេចតេជោ នាពេលបច្ចុប្បន្ននេះ លោក កុសល បានអះអាងថា មានភាព ត្រឹមត្រូវរហូតដល់ ៩០ភាគរយ មានប្រមាណតែ ១០ភាគរយប៉ុណ្ណោះ ជាភាពខ្វះខាត តែរាជរដ្ឋាភិបាល ក៏កំពុងធ្វើការកែប្រែជាបន្ត បន្ទាប់ផងដែរ។
ជាមួយការពេញចិត្តចំពោះការអភិវឌ្ឍរបស់ប្រទេសជាតិក្នុងពេលបច្ចុប្បន្ន ក្រោមដំបូលសន្តិភាពនេះ លោក កុសល បានទទូចឲ្យអ្នក នយោបាយគ្រប់និន្នាការ ត្រូវតែរួបរួមគ្នា ដើម្បីបន្តវឌ្ឍនភាពជាតិ ហើយបើទោះបីប្រើវិធីសាស្រ្តស្វែងរកប្រជាប្រិយភាពពីប្រជាពលរដ្ឋ ក៏ត្រូវឈរលើសច្ចភាពត្រឹមត្រូវផងដែរ។ ចៀសវាងឲ្យបានការធ្វើនយោបាយបែបប្រជាភិថុតិ «ដុតឲ្យខ្លោច រោចឲ្យឆៅ» ដោយខ្វះមន សិការស្នេហាជាតិ នាំឲ្យប្រទេសធ្លាក់ក្នុងកលិយុគដូចអ្នកនយោបាយ កាលពីអតីតកាលបន្តទៅទៀតឡើយ។
អតីតយុទ្ធជនតស៊ូរំដោះជាតិ តាមការអំពាវនាវរបស់សម្តេច នរោត្តម សីហនុ មុនក្លាយជាទាហានខ្មែរក្រហមរូបនេះ ក៏បានទទូចឲ្យយុវ ជននាសម័យបច្ចុប្បន្ន ត្រូវធ្វើការសិក្សាពិចារណាឲ្យបានល្អិតល្អន់បំផុតមុនសម្រេចចិត្តធ្វើតាមអ្នកនយោបាយ ឬ ចង់មានការផ្លាស់ប្តូរ ណាមួយនោះ។ លោក វ៉ាន់ កុសល បានយកខ្លួនឯងមកបង្ហាញជាគំរូថា ព្រោះតែបំណងចង់ផ្លាស់ប្តូររបបនេះហើយ ទើបជំរុញឲ្យរូប លោកចូលតស៊ូក្នុងព្រៃទីបំផុត បានធ្វើឲ្យប្រទេសជាតិ ធ្លាក់ក្នុងអន្លង់ភ្លើងសង្រ្គាមយ៉ាងខ្លោចផ្សា និង វេទនាជាទីបំផុត។
លោក វ៉ាន់ កុសល បានសម្តែងការរំពឹងថា យុវជនក្នុងសម័យបច្ចេកវិទ្យាទំនើបនេះ នឹងធ្វើការស្រាវជ្រាវ ពិចារណាថ្លឹងថ្លែង ឲ្យបានខ្ពស់ បំផុតមុនសម្រេចចិត្តក្នុងរឿងនយោបាយប្រទេសជាតិ ធ្វើយ៉ាងណាកុំឲ្យជោគវាសនាប្រទេសជាតិធ្លាក់ក្នុងរណ្តៅអវិចី។ លោកបានផ្តាំ ថា ភ្លើងសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំ ដោយសារកម្លាំងព្យុះចិត្តចង់ផ្លាស់ប្តូរក្នុងនាមជាយុវជនដូចរូបលោកកាលពីអតីតកាលនោះ បាននាំមកនូវទុក្ខវេទនាមិនអាចគណនាបានឡើយ។
លោក វ៉ាន់ កុសល បានទទូចឲ្យអ្នកនយោបាយប្រឹងប្រែងបណ្តុះមនសិការ ការស្រឡាញ់ បង្រួបបង្រួមក្នុងស្រទាប់ប្រជាពលរដ្ឋខ្មែរ ដើម្បីបញ្ចៀសបានការបែកបាក់ជាតិ។ មានតែការរួបរួមគ្នាជាធ្លុងក្នុងស្រទាប់ពលរដ្ឋខ្មែរ ជាពិសេសយុវជនជំនាន់ក្រោយ ទើបធ្វើឲ្យ សង្គមកម្ពុជា លែងបន្តបែកបាក់ និងធ្លាក់ក្នុងដានប្រវត្តិសាស្រ្តដ៏ឈឺចាប់បន្តទៅទៀត៕