(ភ្នំពេញ)៖ ក្រោមកាណែនាំរបស់លោក ផាន់ អូន អគ្គនាយក អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក្រសួងពាណិជ្ជកម្ម និងដឹកនាំដោយលោក ង៉ែត ចេក អគ្គនាយករង ព្រមទាំងមានការសម្របសម្រួលពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងរាជធានីភ្នំពេញ និងកម្លាំងអាជ្ញាធរខណ្ឌកំបូល និងមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងផលិត មេតាណុល នៅផ្ទះ A23 សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ដោយប្រើប្រាស់រថយន្តពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប។
លោក ហេង មាលី ប្រធានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ សាខារាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ថា ក្រោមការត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបានរកឃើញមានកានផ្ទុកអាល់កុល ចំណុះ ៣០លីត្រ ចំនួន ៤០១កាន ត្រូវបានមន្ត្រីមន្ទីរពិសោធន៍បានយកគំរូមកវិភាគ។
លោក ហេង មាលី បានឱ្យដឹងបន្ថែមថា ជាលទ្ធផលក្រុមការងារ បានរកឃើញមានមេតាណុល ២០០កាន ដោយមានគម្រប ពណ៌ស និង២០១ ជាអេទីលអាល់កុល មានគម្របពណ៌ក្រហម។
សមត្ថកិច្ចចម្រុះ ដោយមានការឯកភាពពីលោកព្រះរាជអាជ្ញារង បានសម្រេចបិទទីតាំងជាបណ្តោះអាសន្ន ហើយវត្ថុតាងរក្សាទុក នៅទីតាំងផ្ទះនោះដដែល ដើម្បីអោយម្ចាស់ទំនិញ ចូលខ្លួនមកដោះស្រាយបំពេញភាពអនុលោមផ្លូវច្បាប់ ទបមានការសម្រេចសាជាថ្មី។
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក៏បានធ្លាប់អំពាវនាវដល់សាធារណៈជន ជាពិសេសអាជីវករទាំងអស់ មេត្តាចូលរួមសហការ និងស្វែងយល់អំពីការ ប្រកបអាជីវកម្មដោយការទទួលខុសត្រូវ ជៀសវាងធ្វើឱ្យប៉ះពាល់ដល់ សុខភាពអ្នកប្រើប្រាស់។
ជាមួយគ្នានេះដែរ អគ្គនាយកដ្ឋាន សូមណែនាំដល់អ្នកនាំចូលទំនិញ ត្រូវបង្ហាញឯកសារនាំចូល ចំពោះអាជីវករលក់ដុំ និងលក់រាយទាំងអស់ នៅពេលទទួលទំនិញ យកមកលក់បន្ត សូមសួររកឯកសារនៃការទិញលក់ ដូចជាវិក័យបត្រជាដើម ដើម្បីងាយស្រួលដល់សមត្ថកិច្ច តាមរកអ្នកផ្គត់ផ្គង់ផលិតផលទាំងនោះ និងស្វែងរកប្រភពនាំចូល ដើម្បីអគ្គនាយកដ្ឋានងាយស្រួល ក្នុងការកំណត់អត្តសញ្ញាណ ក្នុងការអនុវត្តច្បាប់៕