(ភ្នំពេញ)៖ ដើម្បីសម្រួលការលំបាកដល់បងប្អូនជនងាយរងគ្រោះនៅតាមមណ្ឌល និងសមាគម ខណៈរាជរដ្ឋាភិបាល បាននិងកំពុងប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្តល់អង្ករដល់មន្ទីរសង្គមកិច្ច ចំនួន ៦តោន ដើម្បីសម្រាលបន្ទុកដល់ជនងាយរងគ្រោះ។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ បានបញ្ជាក់ថា អង្ករដែលលោកអភិបាលរាជធានីផ្តល់ជូននាពេលនេះ ចំនួន៦តោន ក្នុងនោះ៖
*មូនិធិជនពិការ តន្ត្រី ចាប តូ ចំនួន ២តោន
*មជ្ឈមណ្ឌលសំចតសង្គមកិច្ចរាជធានីភ្នំពេញ (ព្រៃស្ពឺ) ចំនួន ២តោន
*មជ្ឈមណ្ឌលឱកាសខ្ញុំ ចំនួន២ តោន។
លោកស្រី មុំ ចាន់ដានី បានឲ្យដឹងថា នារយៈការកន្លងមកនេះ លោក ឃួង ស្រេង បានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនមិនថាការចូលរួមបរិច្ចាគជាថរិកា ជាសម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ របស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន ដើម្បីជួយដល់ជនងាយរងគ្រោះ ដែលបាននិងកំពុងស្នាក់នៅតាមមណ្ឌល និងតាមសមាគមនានាក្នុងរាជធានីភ្នំពេញ។
នេះបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្ត នៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួមគ្នាទាំងអស់គ្នា ដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀតនេះ រាល់ការចូលរួមគាំទ្រ យ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល បានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារ សុខមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។
ជាមួយគ្នានោះដែរ លោកស្រី មុំ ចាន់ដានី បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ហ៊ុន ម៉ានី និងលោក ឃួង ស្រេង ដែលកន្លងមក ក៏ដូចជាបច្ចុប្បន្ននេះ លោកតែងតែជួយឧបត្ថម្ភមកមន្ទីរ សង្គមកិច្ច ដើម្បីមន្ទីរមានលទ្ធភាពក្នុងការបន្តចែកជូនទៅដល់ជនងាយរងគ្រោះ៕