(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីទទួលអំណោយឧបត្ថម្ភជា អាល់កុល និងម៉ាស ពីលោក KONG KUOK LEONG នាយកសណ្ឋាគារ SIHANOUKVILLE V-CONTINENT INTERNATIONAL HOTEL ដល់ថ្នាក់ដឹកនាំរដ្ឋសភា សម្រាប់យកទៅចែកជូនពលរដ្ឋ ការពារពីជំងឺកូវីដ១៩។
ពិធីប្រគល់ និងទទួលអំណោយដ៏មានសារៈសំខាន់នេះ បានប្រារព្ធធ្វើនៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ។
អំណោយសម្ភារការពារជំងឺកូវីដ១៩ ដែលលោក KONG KUOK LEONG បានជូនដល់សម្តេចប្រធានរដ្ឋសភា នាឱកាសនេះ មានម៉ាសចំនួន១ម៉ឺន និងទឹកអាល់កុលចំនួន ៥០កាន។
លោក KONG KUOK LEONG ក៏បានជូនម៉ាស និងអាល់កុលជូនដល់លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាផងដែរ។
សម្តេចពញាចក្រី ហេង សំរិន បានសម្តែងការកោតសរសើរចំពោះកាយវិការមនុស្សធម៌របស់លោកនាយកសណ្ឋាគារ ដែលបានចូលរួមចំណែកផ្តល់នូវម៉ាស និងអាល់កុល សម្រាប់ពលរដ្ឋប្រើប្រាស់ក្នុងការការពារជំងឺកូវីដ១៩។
សម្តេចបានគូសបញ្ជាក់ថា «នេះការចូលរួមចំណែកយ៉ាងសំខាន់ និងបានឆ្លុះបង្ហាញពីស្មារតីសាមគ្គី និងវប្បធម៌ជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ន និងចាំបាច់»។
ឆ្លៀតឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានអំពាវនាវប្រជាពលរដ្ឋទូទំាងប្រទេស បន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងកូវីដ១៩ ពិសេសការថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានរឹងមាំ ការធ្វើអនាម័យ លាងសម្អាតដៃជាប្រចាំ និងត្រូវចេះតាមដានសុខភាព បើមានការសង្ស័យ ត្រូវប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬក៏ទាក់ទងទូរស័ព្ទទៅលេខ ១១៥។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានថ្លែងអំណរគុណចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាល មន្រ្តីសុខាភិបាល អាជ្ញាធរពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍នានា បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី ពិសេសក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំបំពេញការងារ ដ៏លំបាកនេះ ទាំងថ្ងៃទាំងយប់ ដើម្បីការពារសុខភាពប្រជាពលរដ្ឋ៕