(ភ្នំពេញ)៖ បន្ទាប់ពីបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ រដ្ឋសភា បានសម្រេចបន្តសម័យប្រជុំ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ស្អែកនេះ ដើម្បីពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី «ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន»។
របៀបវារៈមួយចំនួនទៀត ដែលនឹងលើកទៅសម្រេចនៅថ្ងៃស្អែកមានដូចជា ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោកស្រី នូ សុវណ្ណនី ជាតំណាងរាស្រ្តមណ្ឌលតាកែវ ជំនួសលោក ជា វ៉ាន់ដេត ដែលបានសុំលាលែង ហើយទៅកាន់តំណែងជារដ្ឋមន្រ្តីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ ការបោះឆ្នោតជ្រើសតាំង៖ លោក ឡូយ សុផាត ជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក និងលោក ស៊ូ ភិរិន្ទ ជាសមាជិកគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម។
សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភា នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
សេចក្តីព្រាងច្បាប់នេះ ក៏នឹងកំណត់នូវបែបបទ នីតិវិធី និងលក្ខខណ្ឌនៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ព្រមទាំងវិធានការចាំបាច់នានា ដែលរាជរដ្ឋាភិបាលមានសិទ្ធិដាក់ចេញក្នុងពេលប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។ ការដាក់ប្រទេសជាតិក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស។
សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន ធ្លាប់បានបង្ហើរសារជូនជនរួមជាតិ អំពីការពិចារណាទូលថ្វាយព្រះមហាក្សត្រ សុំរាជានុញ្ញាតដើម្បីដាក់ប្រទេសកម្ពុជា «ឲ្យស្ថិតនៅក្នុងភាពអាសន្ន» ខណៈស្ថានភាពរីករាលដាលជំងឺកូវីដ១៩ កាន់តែច្រើនឡើង ដោយមានអ្នកឆ្លងប្រមាណជាង១០០នាក់៕