(ភ្នំពេញ)៖ កម្មករ កម្មការិនី ដែលសុំច្បាប់ឈប់សម្រាកទៅលេងស្រុកពេលថ្ងៃបុណ្យចូលឆ្នាំ អាចនឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែកពីគេ តាមវិធានចត្តាឡីស័កសុខាភិបាលចំនួន ១៤ថ្ងៃ ដោយមិនផ្តល់ប្រាក់ឈ្នួលនោះឡើយ ពេលពួកគេត្រឡប់មកធ្វើការវិញ ដើម្បីការពារកុំឱ្យចម្លងជំងឺកូវីដ១៩ទៅកម្មករ កម្មការិនីដទៃទៀត។
ឆ្លើយតបនឹងសំណួររបស់អង្គភាពព័ត៌មាន Fresh News ថា តើនឹងមានវិធានការយ៉ាងណាចំពោះ កម្មករ បុគ្គលិកណា ដែលមិនអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងនៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ?
លោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាអ្នកនាំពាក្យបានថ្លែងបញ្ជាក់ថា ក្រសួងនឹងណែនាំឱដល់រដ្ឋបាលរោងចក្រ សហគ្រាស និងក្រុមហ៊ុននានា ឱ្យកត់ឈ្មោះ កម្មករ និយោជិត និងបុគ្គលិកទាំងអស់ ដែលអវត្តមាននៅក្នុងកំឡុងពេលបុណ្យចូលឆ្នាំនៅសប្តាហ៍ក្រោយនេះ។
ការកត់វត្តមានរបស់កម្មករ និយោជិត និងបុគ្គលិកទាំងនេះ គឺដើម្បីត្រៀមសហការជាមួយអាជ្ញាធរអនុវត្តវិធានចត្តាឡីស័ក ដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែកពីគេ រយៈពេល១៤ថ្ងៃ ដោយមិនទទួលបានប្រាក់ឈ្នួលនោះឡើយ។ លោក ហេង សួរ បានអះអាងថា ការធ្វើបែបនេះ ដើម្បីបង្ការកុំឱ្យមានការចម្លងជំងឺកូវីដ១៩ ទៅកម្មករ និយោជិត និងបុគ្គលិកដទៃ ក្នុងករណីដែលអ្នកអវត្តមានទាំងនោះបានប៉ះពាល់ ឬជួបជុំ ឬធ្វើដំណើរឆ្លងកាត់តំបន់មានជំងឺកូវីដ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចមិនឱ្យមានការឈប់សម្រាកចូលឆ្នាំថ្មីនោះឡើយចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែមេសា សប្តាហ៍ក្រោយនេះ។ ទាំងមន្ត្រីរាជការ កម្មករ និយោជិត និងបុគ្គលិកតាមក្រុមហ៊ុននានា គឺនៅធ្វើការជាធម្មតា។ ការសម្រេចមិនឱ្យឈប់សម្រាកពេលបុណ្យចូលឆ្នាំថ្មី ជាវិធានការមួយទប់ស្កាត់កុំឱ្យមានការចម្លងរីករាលដាលជំងឺកូវីដ១៩។
បើទោះបីជាមានការសម្រេចរបស់រាជរដ្ឋាភិបាលយ៉ាងនេះក្តី នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនមួយចំនួន មានព័ត៌មានថា មានកម្មករ និយោជិត និងបុគ្គលិកមួយចំនួន នៅតែចចេសចង់ឈប់បំពានលើការសម្រេចនេះ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហជីពនានា កំពុងសហការជាមួយរោងចក្រ សហគ្រាស និងក្រុមហ៊ុនានា ធ្វើយុទ្ធនាការអប់រំ និងពន្យល់ដល់កម្មករ និយោជិត និងបុគ្គលិកទាំងនោះឲ្យយល់ និងសូមកុំចចេសឈប់សម្រាកនៅសប្តាហ៍ក្រោយនេះ ព្រោះអាចប្រឈមនឹងការឆ្លងរីករាលដាលជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
ក្រុមគ្រូពេទ្យឯកទេសរបស់ចិន ដែលមកប្រទេសកម្ពុជា ដើម្បីជួយក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានផ្តល់អនុសាសន៍ដល់មន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ឱ្យទប់ស្កាត់ការប្រមូលផ្តុំក្នុងកំលុងពេលបុណ្យចូលឆ្នាំថ្មីនេះ ព្រោះជាហានិភ័យខ្ពស់ក្នុងការចម្លង និងធ្វើឱ្យរីករាលដាលជំងឺកូវីដ១៩នេះ។
ក្រុមគ្រូពេទ្យជំនាញទាំងនេះ បានលើកហេតុផលថា ប្រទេសចិនបានផ្ទុះជំងឺកូវីដ១៩នេះខ្លាំង នៅចំពេលមានការប្រមូលផ្តុំប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី របស់ចិនកាលពីខែមករាកន្លងទៅនោះ។ ប្រទេសថៃក៏បានលើកការឈប់សម្រាកនាពេលបុណ្យសង្រ្កាន្តឆ្នាំនេះដែរ៕