(ភ្នំពេញ)៖ សហភាពសហជីពការងារកម្មករកម្ពុជា (CWLCU) បានចេញសេចក្ដីអំពាវនាវ ដល់បងប្អូនកម្មករនិយោជិតគ្រប់រូប បន្ដធ្វើការជាធម្មតា នាឱកាសបុណ្យចូលឆ្នាំថ្មី និងសូមឲ្យកាត់បន្ថយការជួបជុំ ដែលមិនចាំបាច់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។ នេះតាមសេចក្ដីអំពាវនាវ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០។
សេចក្ដីអំពាវនាវបានបញ្ជាក់ថា ការបន្ដធ្វើការជាធម្មតា នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ គឺជាការចូលរួមរបស់បងប្អូនកម្មករនិយោជិត ក្នុងការអនុវត្ដវិធានការ របស់រាជរដ្ឋាភិបាល និងមិនត្រឹមតែអាចការពារសុខភាព សុវត្ថិភាពខ្លួនឯងផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងអាចការពារសុខភាព និងសុវត្ថិភាពគ្រួសាររបស់បងប្អូន និងមិត្តរួមការងាររបស់បងប្អូនផងដែរ។
សហភាពសហជីពការងារកម្មករកម្ពុជា បានគូសបញ្ជាក់ទៀតថា បងប្អូនកម្មករនិយោជិត នឹងអាចឈប់សម្រាកបាន នៅពេលវេលាសមស្របណាមួយចំនួន៥ថ្ងៃ (ជំនួសឲ្យការឈប់សម្រាកត្រឹមតែ៤ថ្ងៃ) និងនៅតែអាចជួបជុំក្រុមគ្រួសារ និងមិត្ដភ័ក្ដបានយ៉ាងសប្បាយរីករាយ ដោយគ្មានការព្រួយបារម្ភពីសុវិត្ថភាព បន្ទាប់ពីស្ថានភាពបច្ចុប្បន្នមានភាពល្អប្រសើរឡើងវិញ។
សហភាពសហជីពការងារកម្មករកម្ពុជា សូមអំពាវនាវដល់បងប្អូនកម្មករនិយោជិតគ្រប់រូបបន្ដគោរព និងអនុវត្ដតាមវិធានអនាម័យ ដែលត្រូវបានណែនាំ ដោយក្រសួងសុខាភិបាល និងវិធានការនានា របស់រាជរដ្ឋាភិបាល ជាពិសេសសូមកាត់បន្ថយការជួបជុំគ្នា ដែលមិនចាំបាច់ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនេះ សហភាពសហជីពការងារកម្មករកម្ពុជា ក៏សូមបងប្អូនកម្មករនិយោជិតចូលរួមទប់ស្កាត់ការចែកចាយសារផ្សេងៗ ដែលមានអត្ថន័យញុះញង់ ឲ្យបដិសេធមិនអនុវត្ដតាមសេចក្ដីសម្រេចរបស់រដ្ឋាភិបាលនេះ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានចេញអនុក្រឹត្យមួយ សម្រេចលើកពេលដោយមិនកំណត់ សម្រាប់ការឈប់សម្រាករយៈពេល៤ថ្ងៃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។
បើតាមអនុក្រឹត្យនេះ, នៅថ្ងៃទី១៣ ទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកដើម្បីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងប្រតិទិនឈប់សម្រាកឆ្នាំ២០២០ មន្រ្តីរាជការ និយោជិត កម្មករនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបំពេញការងារដូចថ្ងៃធ្វើការធម្មតា ដោយមិនឈប់សម្រាកឡើយ៕