(ឧត្តរមានជ័យ)៖ អភិបាលខេត្តឧត្តរមានជ័យ លោក ប៉ែន កុសល្យ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋខ្មែរធ្វើការនៅថៃប្រមាណ ១,៨៥៩នាក់ បាននាំគ្នាសម្រុកចូលមកប្រទេសកម្ពុជាវិញ តាមច្រកព្រំដែនអូរស្មាច់ ក្នុងក្រុងសំរោង និងច្រកជាំ ក្នុងស្រុកអន្លង់វែង។
បើតាមលោក ប៉ែន កុសល្យ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ អាជ្ញាធរក្នុងខេត្តសុរិន្ទ របស់ថៃ មិនអនុញ្ញាតឱ្យពលរដ្ឋឆ្លងកាត់ព្រំដែនរវាងខេត្តសុរិន្ទ របស់ថៃ និងខេត្តឧត្តរមានជ័យ របស់កម្ពុជានោះឡើយ ដើម្បីអនុវត្តន៍តាមវិធានការរបស់រាជរដ្ឋាភិបាលថៃ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ តែដោយឃើញពលរដ្ឋខ្មែរមកកកកុញនៅតាមព្រំដែន លោក ប៉ែន កុសល្យ ក៏បានទាក់ទងអភិបាលខេត្តសុរិន្ទ ដើម្បីសម្រួលបើកច្រកព្រំដែន ឱ្យពលរដ្ឋខ្មែរទាំងនេះបានចូលមកប្រទេសកម្ពុជា។
ប្រជាពលរដ្ឋដែលសម្រុកចូលតាមច្រកព្រំដែនទាំងពីរនៅក្នុងខេត្តឧត្តរមានជ័យ មិនមែនមានតែពលរដ្ឋរស់នៅក្នុងខេត្តឧត្តរមានជ័យនោះឡើយ គឺមានមកពីតាមបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ដោយយោងតាមព័ត៌មានពីខាងអភិបាលខេត្តសុរិន្ទនោះ លោក ប៉ែន កុសល្យ បានឱ្យដឹងថា ការដែលប្រជាពលរដ្ឋខ្មែរធ្វើការនៅថៃ មកសម្រុកឆ្លងព្រំដែននៅក្នុងខេត្តឧត្តរមានជ័យនេះ ដោយសារព្រំដែននៅតាមខេត្តដទៃនៃប្រទេសទាំងពីរ គឺមិនអនុញ្ញាតឱ្យចូលមកប្រទេសកម្ពុជានោះឡើយ។
ទន្ទឹមនឹងការសម្រុកចេញចូលរបស់ប្រជាពលរដ្ឋមកពីប្រទេសថៃនេះ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ និង លោក ប៉ែន កុសល្យ អភិបាលខេត្ត ក៏បានរៀបចំក្រុមគ្រូពេទ្យប្រចាំការនៅច្រកព្រំដែន ដើម្បីពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋឆ្លងព្រំដែនមកពីថៃ ហើយបានរៀបចំប្រព័ន្ធបាញ់ថ្នាំសម្លាប់មេរោគមុនពេលចូលមកដល់ដីកម្ពុជាផងដែរ។
មុននឹងអនុញ្ញាតឱ្យទៅតាមគោលដៅរបស់ពួកគេនោះ ក្រុមគ្រូពេទ្យប្រចាំនៅច្រកព្រំដែន បានពិនិត្យសុខភាព និងណែនាំដល់ពួកគេឱ្យអនុវត្តន៍តាមវិធានទាំងឡាយរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការការចម្លង និងឆ្លងជំងឺកូវីដ១៩។ ជាពិសេសបានណែនាំពួកគេឱ្យដាក់ខ្លួននៅដាច់ដោយឡែករយៈពេល១៤ថ្ងៃពេលទៅដល់ផ្ទះ ដើម្បីបញ្ចៀសការចម្លងជំងឺកូវីដ១៩ ទៅក្រុមគ្រួសារក្នុងករណីពួកគេមានជំងឺនោះ។
សូមបញ្ជាក់ផងដែរថា ក្នុងចំណោមប្រជាពលរដ្ឋឆ្លងដែនជិតពីរពាន់នាក់នេះ មានប្រជាពលរដ្ឋពីរនាក់ ដែលជាអ្នករស់នៅក្នុងស្រុកត្រពាំងប្រាសាទ និងអន្លង់វែង ខេត្តឧត្តរមានជ័យ មានបញ្ហាសុខភាព។ ពួកគេត្រូវបានយកសំណាកផ្សេងៗទៅពិនិត្យរកជំងឺកូវីដ១៩ផងដែរ៕