(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានប្រគល់ម៉ាសចំនួន៨ម៉ឺន និងប្រេងសាំង ៩ពាន់លីត្រ ផ្តល់ជូនទៅដល់ក្រុងស្រុកទាំង៧ ទូទាំងខេត្ត និងមន្ទីរសុខាភិបាលខេត្ត ដើម្បីចូលរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ថ្លែងនាឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ហ្គ្រេនហ្គោលដេន ដែលបានឧបត្ថម្ភម៉ាសចំនួន៨ម៉ឺនម៉ាស ជូនរដ្ឋបាលខេត្តត្បូងឃ្មុំ និងកោតសរសើរ ដល់សប្បុរសជននានា ដែលតែងតែបរិច្ចាគធនធានផ្ទាល់ខ្លួនទាំងថវិការ និងសម្ភារៈ និងអ្នកពាក់ព័ន្ធផ្សេងទៀត ដែលបានខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ក្នុងការចុះផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ឲ្យយល់ដឹងអំពីវិធានការការពារ និងបង្ការជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវនេះ។
លោក អភិបាលខេត្ត បានបញ្ជាក់ថា ម៉ាស់ និងប្រេងសាំង ដែលបានផ្តល់ជូននាពេលនេះ គឺពិតជាការរួមចំណែកក្នុងសកម្មភាពនានា ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩នៅតាមមូលដ្ឋាន និងដើម្បីជួយរំលែកទុក្ខលំបាកជូនប្រជាពលរដ្ឋផង សម្រាប់អ្នកដែលចុះបំពេញបេសសកម្មការពារទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ផងដែរ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់អំពាវនាវ និងណែនាំដល់គ្រប់ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ រួមគ្នាទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺរាតត្បាតជាសកល។
សូមបញ្ជាក់ថា ៖ ម៉ាសចំនួន ៨០.០០០ម៉ាស និងប្រេងសាំង៩.០០០លីត្រ ដែលចែកជូនក្រុង/ស្រុកទាំង៧ និងមន្ទីរសុខភិបាលខេត្ត ក្នុងនោះរួមមាន: មន្ទីរសុខាភិបាលខេត្ត ទទួលបាន១០.០០០ម៉ាស ប្រេងសាំង២០០០លីត្រ, ស្រុកត្បូងឃ្មុំ ទទួលបាន៧០០០ម៉ាសប្រេងសាំង១០០០លីត្រ, ក្រុងសួង, ស្រុកតំបែរ ស្រុកអូររាំងឪ ស្រុកក្រូចឆ្មារ ស្រុកមេមត់ និងស្រុកពញ្ញាក្រែក ទទួលបាន ៥.០០០ម៉ាស និងប្រេងសាំង ១.០០០លីត្រដូចៗគ្នា៕