(កណ្ដាល)៖ សមត្ថកិច្ចចម្រុះ បានចុះបង្ក្រាប និងរឹបអូសជង្គង់មាន់ កទា និងគ្រឿងក្នុងជ្រូកខូចគុណភាព ២កុងទីន័រអត់ច្បាប់នៅស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នៅក្នុងឃ្លាំងមួយ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ដែលនាំចូល និងស្តុកទុកដោយខុសច្បាប់។
ទីតាំងនេះមានម្ចាស់ឈ្មោះ ហ៊ឹម សុខហឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ១៦ ផ្លូវ៦១ ភូមិ១០ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការចុះបង្ក្រាបនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីឈឿន សុវិត្ត ស្នងការនគរបាលខេត្តកណ្ដាល ,លោក លី សុជាតិ ស្នងការរងទទួលផឬនបទល្មើសសេដ្ឋកិច្ច ,លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល ,លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ,លោកអន ស៊ីនួន មេគយខេត្តកណ្ដាល ,សាខាកាំកុងត្រូល ,លោក អុល ដូរិន ប្រធានការិយាល័យផលិតកម្មនិងបស្សុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកណ្តាល ,កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ រួមជាមួយអាជ្ញាធរមូលដ្ឋានជាច្រើននាក់ផ្សេងទៀត ។
លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលបានឱ្យ Fresh News ដឹងថា យោងតាមចម្លើយរបស់ម្ចាស់ទីតាំង ឈ្មោះ ហ៊ឹម សុខហឿន បានប្រាប់ថា ទំនិញទាំងនេះពិសេស ពោះវៀនជ្រូក គឺប្រមូលទិញពីឈ្មោះ ធុន ឆាង រស់នៅខេត្តបន្ទាយមានជ័យ ចំនួនជិត២០តោន ប៉ុន្តែទើបតែដឹកមកស្តុកទុកនៅទីនេះ ប្រមាណជា២០តោន ហើយពោះវៀនជ្រូកទាំងនេះ គឺទិញយកមកកែច្នៃធ្វើស្រោមសាច់ក្រក នាំចេញទៅប្រទេសចិន ហើយខ្លួនបានសហការជាមួយជនជាតិចិន សញ្ជាតិអាមេរិក ម្នាក់ទៀតឈ្មោះ ទុង សឿមិញ និងបានដឹកមកស្តុកនៅទីនេះបាន ២សប្តាហ៍ប៉ុណ្ណោះ ចំណែកឯឧបករណ៍និងម៉ាស៊ីន គឺនាំចូលមកពីប្រទេសចិន។
លោក អុល ដូរិន ប្រធានការិយាល័យផលិតកម្មនិងបស្សុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ខេត្តកណ្តាល បានប្រាប់ថា ទំនិញទាំងនេះគឺសុទ្ធតែខូចគុណភាពទាំងអស់ ហើយម្ចាស់ទីតាំងនេះ ក៏ពុំបានសុំច្បាប់ដឹកជញ្ជូន នាំចូល និងស្តុកផលិតកម្មសាច់សត្វនោះទេ។
លោក អន ស៊ីនួន ប្រធានសាខាគយ និងរដ្ឋករខេត្តកណ្តាល បានថ្លែងថា «យើងមិនទាន់ដឹងថា ទំនិញទាំងនេះ បានបង់ពន្ធ ឬយ៉ាងណានោះទេ ហើយចំពោះគ្រឿងម៉ាស៊ីន ដែលស្តុកទុកក្នុងឃ្លាំងនេះ ក៏មិនដឹងថាបានបង់ពន្ធឬក៏មិនបង់នោះទេ ហើយលោកនឹងឱ្យម្ចាស់យកឯកសារមកពិនិត្យផ្ទៀងផ្ទាត់»។
បន្ទាប់ពីក្រុមការងារត្រួតពិនិត្យ ក.ប.ប បានធ្វើការត្រួតពិនិត្យជាក់ស្តែងលើរថយន្តលទ្ធផលឃើញថា ពោះវៀនជ្រូកដែលក្លាស្សេដាក់ក្នុងទូកុងតឺន័រខូចគុណភាព និងមានក្លិនស្អុយ។ បន្ទាប់មកតំណាងអយ្យការបានសម្រេចឲ្យយកវត្ថុតាងខាងលើរក្សាទុកនៅទីតាំងកើតហេតុបណ្ដោះអាសន្ន ដោយបិទសៀលកុងតឺន័រទាំងពីររង់ចាំការអនុវត្តនីតិវិធីបន្ត។
ចំណែកឯសម្ភារៈ និងឧបករណ៍ផ្សេងៗគឺខាងសាខាគយ និងរដ្ឋាករ បានឃាត់ទុកបណ្ដោះដោយរក្សាទុកនៅទីតាំងឃ្លាំងដដែល រង់ចាំការត្រួតពិនិត្យឯកសារនៅពេលក្រោយ។ រីឯម្ចាស់ទំនិញបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ហើយទំនិញទាំងនោះក៏នឹងត្រូវធ្វើការដកហូតដើម្បីដុតបំផ្លាញចោល៕