(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ ដឹកនាំដោយលោក វ៉ី សំណាង ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន ៩៧គ្រួសារ ក្នុងនោះរលំទាំងស្រុង ៣គ្រួសារ (ធ្ងន់៤គ្រួសារ និងស្រាល៩៣គ្រួសារ) ស្ថិតនៅឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ក្នុងឱកាសនោះដែរ ប្រធានគណៈកម្មាធិការសាខា បានពាំនាំការសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានទុក្ខលំបាកជនរងគ្រោះ ជនងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៌ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
សម្ភារដែលសាខាបានផ្តល់ជូនគ្រួសារដែលរងគ្រោះធ្ងន់ធ្ងររួមមាន៖ មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង តង់១ និងថវិកា ១៥០,០០០រៀល។ សម្រាប់គ្រួសារដែលរងគ្រោះស្រាលទទួលបាន ៖ មី ១កេស ត្រីខ ១០កំប៉ុង ប្រេងឆា ១ដប ទឹកត្រីទឹកស៉ីអ៉ីវ ១យួរ នំធុង ១ធុង ទឹកដោះគោ ១កំប៉ុង និងថវិកាចំនួន ៣០,០០០រៀលផងដែរ។
សូមបញ្ជាក់ថា អង្ករ៩៧គ្រួសារ ជាអំណោយរបស់សប្បុរសជនតាមរយៈអភិបាលខេត្តកំពង់ស្ពឺ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ៕