(ឧត្តរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំកិច្ចប្រជុំដាក់ចេញវិធានការថ្មីៗបន្ថែមទៀតដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលកំពុងកើតមានក្នុងខេត្តឧត្តរមានជ័យ បណ្តាលមកពីជំងឺកូវីដ១៩។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ លោក ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត មន្ត្រីក្រុមការងារគណៈពង្រឹងខេត្តឧត្តរមានជ័យ ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធពាក់ព័ន្ធមួយចំនួនទៀត។
មានកិច្ចការសំខាន់ៗជាមុខព្រួញមួយចំនួនត្រូវបានលោកទេសរដ្ឋមន្ត្រី គន់ គីម បានដាក់ចេញ និងជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀត ពីថ្នាក់ដឹកនាំ និងអាជ្ញាធរខេត្តឧត្តរមានជ័យ ក៏ដូចជាក្រុមការងារចុះជួយខេត្តមួយនេះ។ កិច្ចការជាមុខព្រួញដែលត្រូវបានជំរុញឱ្យយកចិត្តទុកដាក់នោះរួមមាន៖ ការគ្រប់គ្រងប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ, ការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋពីវិធានការពារជំងឺកូវីដ១៩, ការនាំស្បៀងអាហារជូនប្រជាពលរដ្ឋខ្វះខាតក្នុងជីវភាព, រកការងារជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយជីវភាព និងជំរុញការដាំដុះបន្លែបង្កា ចិញ្ចឹមសត្វ ចិញ្ចឹមត្រីជាដើម។
លោកទេសរដ្ឋមន្ត្រី គន់ គីម បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ការងារអាទិភាព និងសំខាន់ៗដែលយើងយកចិត្តទុកដាក់នៅពេលនេះ គឺការគ្រប់គ្រងពលរដ្ឋមកពីប្រទេសថៃ កុំឱ្យមានការចម្លងជំងឺទៅក្រុមគ្រួសារ និងប្រជាពលរដ្ឋក្នុងសហគមន៍។ យើងក៏យកចិត្តទុកដាក់ទៅការដោះស្រាយជីវភាពប្រជាពលរដ្ឋដែលកំពុងជួបការខ្វះ ដោយជំរុញក្រុមការងារចុះនាំស្បៀងទៅដល់ផ្ទះរបស់ពួកគាត់»។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា «ក្រៅពីការគ្រប់គ្រងពលរដ្ឋមកពីថៃ និងនាំស្បៀងអាហារជូនអ្នកខ្វះខាតហើយនោះ យើងក៏គិតគូរពីការរកការងារ និងបង្កើតមុខរបរជូនប្រជាពលរដ្ឋតាមរយៈការដាំដុះបន្លែបង្កា និងចិញ្ចឹមត្រីសាច់ជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋ ដែលកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ»។
លោក គន់ គីម បានបញ្ជាក់ថា មកដល់ពេលនេះនៅក្នុងខេត្តឧត្តរមានជ័យមិនមានអ្នកកើតជំងឺកូវីដ១៩នោះទេ ហើយពលរដ្ឋមកពីប្រទេសថៃជាង ៣ពាន់នាក់នេះ ត្រូវបានដាក់ឱ្យដាច់ដោយឡែករយៈពេល១៤ថ្ងៃផងដែរ។ បើតាមលោកទេសរដ្ឋមន្ត្រី ពលរដ្ឋមកពីថៃនេះ អ្នកខ្លះបានដាក់ឱ្យដាច់ដោយឡែក១៤ថ្ងៃរួចរាល់ហើយ ហើយក៏មិនមានអ្នកលេចចេញរោគសញ្ញាជំងឺកូវីដ១៩នោះដែរ។
សូមបញ្ជាក់ថា ដើម្បីគ្រប់គ្រងស្ថានការណ៍ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋតាមការចង្អុលបង្ហាញ និងណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានចុះស្នាក់នៅខេត្តឧត្តរមានជ័យជាប់ជាប្រចាំ។
លោកទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារនាំយកស្បៀងអាហារជូនប្រជាពលរដ្ឋខ្វះខាត អប់រំពលរដ្ឋពីវិធានទាំងឡាយ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ១៩។ លោកទេសរដ្ឋមន្ត្រី ក៏បានដឹកនាំក្រុមការងារជំរុញការដាំដុះបន្លែបង្កា និងចិញ្ចឹមសត្វរបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងជីវភាពរបស់ពួកគេផងដែរ៕