(ភ្នំពេញ)៖ លោក អ៊ុន អឿន សមាជិកសហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតក្នុងភូមិត្រពាំងចក ឃុំត្រាំកក់ ខេត្តតាកែវ បានបង្ហាញពីភាពរីកចម្រើនរបស់ខ្លួន ដែលប្រកបអាជីវកម្មកសិកម្ម ក្រោមការជំរុញ និងការណែនាំគាំទ្រពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
លោក អ៊ុន អឿន បានបញ្ជាក់ថា របរដាំបន្លែកសិកម្មដែលខ្លួន បានប្រកបលើផ្ទៃដីជាង២ហិចតា អាចទាញយកចំណូលបាន៦៥លានរៀល ក្នុង១ឆ្នាំ។
ការបង្ហាញពីភាពរីកចម្រើនរបស់ លោក អ៊ុន អឿន ធ្វើឡើងក្នុងឱកាសដែលលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហការីបានបន្តដំណើរខេត្តកំពត មកកាន់ស្រុកត្រាំកក់ ខេត្តតាកែវ ដើម្បីពិនិត្យសកម្មភាពដាំបន្លែចម្រុះរបស់កសិករ។
លោក អ៊ុន អឿន បានថ្លែងថា បច្ចុប្បន្នបន្លែសុវត្ថិភាពគ្រប់ប្រភេទ មានតម្លៃកើនឡើងយ៉ាងល្អប្រសើរ បន្ទាប់ពីរាជរដ្ឋាភិបាលបិទការនាំចូលពីខាងក្រៅ។ ជាមួយនឹងតម្លៃកើនឡើងនេះបានធ្វើឲ្យកសិករ គ្រូបង្រៀន ហើយខ្លះទៀតជាមន្រ្តី និងអាជ្ញាធរឃុំ ភូមិថានឹងងាកមកដាំដំណាំជាបណ្តើរៗ ដើម្បីច្បាមយកឱកាសនេះ ងាកមកបង្កើនផលិតភាពផលិតកម្មកសិកម្ម រួមចំណែកធានា ដល់ការផ្គត់ផ្គង់ស្បៀងក្នុងស្រុក លើកកម្ពស់កម្រិតជីវភាព ឱ្យកាន់តែល្អប្រសើរជាលំដាប់។
លោកបានបន្ដថា ហេតុផលនេះក្នុងនាមជា សមាជិកសហគមន៍សាមគ្គីត្រពាំងចក ក៏ដូចជាសហគមន៍កសិកម្មទូទាំងប្រទេស តាមរយៈលោករដ្ឋមន្ត្រីបានស្នើសុំឱ្យរាជរដ្ឋាភិបាល មេត្តាបន្តទប់ស្កាត់ ឬកាត់បន្ថយការនាំចូលផលិតផលបន្លែ ពីប្រទេសជិតខាង សម្រាប់រយ:យូអង្វែង តាមដែលអាចធ្វើបាន។
លោកបន្ថែមថា ដោយឡែកចំពោះបទពិសោធន៍ ដែលទទួលបាននេះ គឺមានគុណប្រយោជន៍ ជាមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ដើម្បីឈានឆ្ពោះទៅធ្វើជាអ្នកផលិតអាជីពច្បាស់លាស់ ត្រឹមត្រូវតាមបច្ចេកទេស គុណភាព សុវត្ថិភាព ស្តង់ដារ នេះជាទុនសម្រាប់ធ្វើការប្រកួតប្រជែង ជាមួយផលិតផលក្រៅប្រទេសនាពេលអនាគត។ មិនតែប៉ុណ្ណោះសហគមន៍នេះ ក៏ជាប្រភពនៃការចែកចាយ ឬផ្លាស់ប្តូរបទពិសោធន៍ ដែលទទួលបានមកពី ការអនុវត្តជាក់ស្តែងជូនដល់សហគមន៍ ឬអ្នកផលិតផ្សេងៗទៀតនៅទូទាំងស្រុកផងដែរ។
លោកបានបញ្ជាក់ថា អ្វីដែលកាន់តែជឿទុកចិត្ត លើការអនុវត្តបច្ចេកទេសនោះ គឺផ្ទៃដីជាង២ហិចតា អាចទាញយកចំណូលបានពី សក្តានុពលដីនេះក្នុង១ឆ្នាំ ចំនួន៦៥លានរៀល ពីការលក់ពហុបន្លែ ដោយមិនគិតពីចំណូលផលស្រូវ និងគោទៀតផង។
លោកក៏បានថ្លែងអំណរគុណទាំងទឹកចិត្តរំភើប សប្បាយរីករាយឥតឧបមាជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី លោក វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម មន្ទីរកសិកម្មខេត្ត មន្រ្តីពាក់ព័ន្ធទាំងអស់ ដែលបានបង្កើតឱកាសមាស សម្រាប់ប្រជាសហគមន៍គ្រប់ៗគ្នា ក្នុងការចូលរួមជំរុញផលិត ភាពផលិតកម្មកសិកម្ម ឆ្លើយតបតាមសេចក្តីត្រូវការ របស់អ្នកបរិភោគនាពេលបច្ចុប្បន្ននេះ៕