(សេអ៊ូល)៖ យោងតាមព័ត៌មានសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅល្ងាចថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងសហរដ្ឋអាម៉េរិក មានគម្រោងក្នុងការថែរក្សានូវ ទំនាក់ទំនងជិតស្និទជាមួយគ្នា បន្ទាប់ពីមានបំផ្ទុះសាកល្បងគ្រាប់មីស៊ីលទី៤ របស់ប្រទេសកូរ៉េខាងជើង នេះបើតាមការបញ្ជាក់ពី ក្រសួងការបរទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃពុធនេះ។
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Yun Byung-se បានជួបជាមួយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកូរ៉េខាងត្បូង លោក Mark Lippert និងមេបញ្ជាការកងទ័ពអាម៉េរិក-កូរ៉េ (USFK) នៅទីស្នាក់ការក្រសួង ដើម្បីពិភាក្សាគ្នាពីរបៀបប្រឆាំងនូវអ្វី ដែលកូរ៉េខាងជើង បានបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែន ជាលើកដំបូងរបស់ខ្លួន។
នៅក្នុងជំនួបនេះ លោក Yun បានលើកឡើងថា ភាគីទាំងពីរ នឹងរក្សានូវភាពរឹងមាំក្នុងការការពារជាតិ ស្របទៅនឹងកិច្ចសហប្រតិបត្តិការ រវាងអាជ្ញាធរការបរទេស និងការពារជាតិនៃប្រទេសទាំងពីរ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ដែរថា រដ្ឋាភិបាលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន នឹងបន្តកិច្ចសហប្រតិបត្តិការជិតស្និទ ដើម្បីចាត់វិធានការទ្វេរភាគី និងពហុភាគី ក្នុងនោះរួមបញ្ចូលទាំង ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ភាពចាំបាច់ក្នុងការឆ្លើយតប ទៅនឹងការបាញ់សាកល្បងអាវុធនុយក្លេអ៊ែ របស់កូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី Park Geun-hye បានប្តេជ្ញាក្នុងការធ្វើឲ្យកូរ៉េខាងជើង បង់ថ្លៃទទួលខុសត្រូវ លើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរបស់ខ្លួន ខណៈរដ្ឋាភិបាលទីក្រុងសេអ៊ូល និងអន្តរជាតិ បានព្រមានប្រឆាំងជាថ្មីម្តងទៀត លើការបាញ់សាកល្បងនេះ៕