(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងតំណាងលោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងប្រតិភូអមដំណើរ សប្បុរសជន ក្រុមហ៊ុនសូគីមិច នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០នេះ បាននាំអំណោយ ជាគ្រឿងឧបភោគ បរិភោគ ចុះសួរសុខទុក្ខ និងចែកជូនដល់កងកម្លាំងឈរជើងនៅតាមអង្គភាពនានា ជួរបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងស្រុកកំរៀង និងស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងនាមសម្ព័ន្ធមេត្រីភាព ដើម្បីផ្សាភ្ជាប់រវាងសមរភូមិមុខ និងសមរភូមិក្រោយ ក្នុងឱកាសមុនបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិនាពេលដ៏ខ្លីខាងមុខនេះ។
លោក អ៊ុយ រី បានរៀបរាប់ក្នុងពិធីជួបសំណេះសំណាលនេះថា ជារៀងរាល់ឆ្នាំនារដូវបុណ្យទានដូចជាបុណ្យភ្ជំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងក្នុងឱកាសផ្សេងៗ ទៀតជាដើម រដ្ឋបាលខេត្តបាត់ដំបង មានមន្រ្តីរាជការសប្បុរសជន តំណាងក្រុមហ៊ុននានា តែងតែបាននាំអំណោយ ចុះសួរសុខទុក្ខដល់កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព ដែលឈរជើង នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលបានលះបង់ពេលវេលា នៅឆ្ងាយពីក្រុមគ្រួសារ ដើម្បីបំពេញបេសកកម្មការពារទឹកដី បម្រើជាតិ និងប្រជាជនជាប្រចាំនៅតាមគោលដៅរបស់ខ្លួន។
ប្រធានក្រុមប្រឹក្សាបានបញ្ជាក់ថា កងកម្លាំងដែលត្រូវបានចុះសួរសុខទុក្ខមាន ៥អង្គភាពរួមមាន៖ វរៈសេនាតូចនគរបាលការពារ ព្រំដែនគោកលេខ ៨១៩ (ស្រុកកំរៀង) និងវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ (ស្រុកសំពៅលូន) កម្លាំងសឹករងស្រុក, មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងអធិការដ្ឋាននគរបាលស្រុក។
លោកបានបន្តថា គ្រឿងឧបភោគបរិភោគដែលត្រូវចែកជូនមាន៖ ស្រាបៀ ទឹកសុទ្ធ សាច់ជ្រូកស្រស់ នំអន្សម ទឹកក្រូច មី និងថវិកាមួយចំនួន នៅតាមអង្គភាពនីមួយៗ ផងដែរ។
កងកម្លាំងដែលត្រូវបានទទួលអំណោយទាំងនេះ បានថ្លែងអំណរគុណយ៉ាងកក់ក្តៅបំផុត ចំពោះថ្នាក់ដឹកនាំខេត្ត និងសប្បុរសជនតែងតែ
គិតគូយកចិត្តទុកដាក់ដល់កងកម្លាំងទាំងអស់គ្នារហូតមក ជាពិសេសសមរភូមិក្រោយ និងសមរភូមិមុខបានផ្សារភ្ជាប់គ្នាកន្លងមក នេះសបញ្ជាក់ ឱ្យឃើញថា យើងទាំងអស់គ្នា គឺធ្វើអ្វីៗ ដើម្បីបុព្វហេតុជាតិមាតុភូមិខ្មែរ តែមួយទើបមានសុខសន្តិភាពបានយូអង្វែង តដល់កូនចៅជំនាន់ក្រោយ បន្តទៀតផងដែរ។