(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ លើយន្តការនៃការធ្វើអង្កេតរហ័ស ផលប៉ះពាល់ជំងឺកូវីដ១៩ លើការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ។
កិច្ចប្រជុំនេះ ក៏មានការចូលរួមបន្ថែម ពីតំណាងក្រសួងផែនការ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពាំរសង្គម អង្គភាពជំនាញពាក់ព័ន្ធក្រសួង និងមានការចូលរួមតាមរយៈប្រព័ន្ធ Online ជាមួយដៃគូអភិវឌ្ឍ និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាទាំង២៥រាជធានី-ខេត្ត។
នៅក្នុងកិច្ចប្រជុំនោះ រដ្ឋមន្ត្រី វង សូត បានផ្ដួចផ្ដើមលើកជាគំនិត និងមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការត្រៀមលក្ខណៈជាមុន លើការផ្ដល់អន្តរាគមន៍ ជំនួយសង្គមដល់គ្រួសារ ដែលមានជីវភាពក្រីក្រលំបាក និងងាយរងគ្រោះ ឲ្យស្របតាមគោលការណ៏ និងយន្តការរបស់រាជរដ្ឋាភិបាល ដែលទើប បង្កើតនាពេលថ្មីៗកន្លងទៅនេះ។ ទិសដៅសំខាន់បំផុត គឺត្រូវតែខិតខំធានាដល់ការផ្តល់សេវាសង្គមកិច្ច ឲ្យដល់គ្រួសារក្រីក្រពិតប្រាកដ បានទាន់ពេលវេលា ។
លោក វង សូត បានថ្លែងក្នុងអង្គប្រជុំថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការវាយតម្លៃទិដ្ឋភាពជារួមរបស់ប្រជាជន ក្នុងដំណាក់កាលនៃការត្រៀមលក្ខណៈ របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ការអន្តរាគមន៍បន្ទាន់ដល់ប្រជាជន ពិសេសប្រជាជនក្រីក្រ និងដើម្បីប្រមូលយកនូវធាតុ ចូលពីតំណាងស្ថាប័នពាក់ព័ន្ធ ដើម្បីមានមូលដ្ឋានរឹងមាំ និងគ្រប់ជ្រុងជ្រោយសំដៅធានាដល់ការអនុវត្ត ឲ្យមានភាពស៊ីសង្វាក់គ្នា និងប្រកបដោយប្រសិទ្ធភាព ក្នុងការផ្តល់សេវាសង្គមកិច្ច ដល់ក្រុមគោលដៅ។
ក្នុងនោះ រដ្ឋមន្រ្តី វង សូត ក៏បានណែនាំដល់អង្គភាពជំនាញទាំងអស់របស់ក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្តទាំង២៥ ត្រូវធ្វើសកម្មភាពរបស់ខ្លួនឲ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីតាមដាននូវការប្រែប្រួលរបស់ប្រជាជននៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីធ្វើផែនការក្នុងការឆ្លើយតប និងផ្តល់ការអន្តរាគមន៍ទាន់ពេលវេលា ក្នុងការផ្តល់សេវាសង្គម។
ជាមួយគ្នានេះដែរ គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្កើតក្រុមការងារ ចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការ ជំនួយសង្គម ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលមានសមាសភាពមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលដឹកនាំដោយលោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធាន។
ក្រុមការងារនេះ មានភារកិច្ចកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ និងក្រុមជនដែលត្រូវការការគាំពារជាចាំបាច់ ផ្សេងទៀត ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩។ ក្រុមការងារនេះត្រូវរៀបចំវិធានការ និងគម្រោងសកម្មភាព អន្តរាគមន៍ជាក់លាក់ ដើម្បីដោះស្រាយផលប៉ះពាល់ចំពោះមុខ និងជួយរក្សាស្ថិរភាព នៃជីវភាពរបស់ក្រុមជនគោលដៅ៕