(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង បានសើចចំអកទៅលើសមត្ថភាពនៃការបាញ់សាកល្បងគ្រាប់បែកអ៊ីដ្រូសែន(hydrogen bomb) របស់ប្រទេសកូរ៉េខាងជើង ដោយបញ្ជាក់ថា ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរថ្មីនេះ មិនបានចេញពីមូលដ្ឋានរបស់គ្រាប់បែកអ៊ីដ្រូសែននោះទេ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់សារព័ត៌មាន Yonhap News ចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦។
យោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា៖ «វាជារឿងដែលពិបាកក្នុងការជឿជាក់ទៅលើសេចក្តីប្រកាសនេះណាស់»។ មន្ត្រីកូរ៉េខាងត្បូងបានបញ្ជាក់ថា៖ «មានតែប្រទេសពីរបីតែប៉ុណ្ណោះ ក្នុងនោះរួមមានសហរដ្ឋអាម៉េរិក និងរុស្ស៊ី ដែលអាចបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែននេះបាន ហើយកម្លាំងនៃការបំផ្ទុះមានប្រហែលជាពី២០ ទៅ៥០ Megatons។ ចំណែកគ្រាប់បែករបស់រដ្ឋាភិបាលក្រុង ព្យុងយ៉ាង មានកម្លាំងត្រឹមតែ ៦គីឡូតោនតែប៉ុណ្ណោះ ដែលវាខ្សោយបំផុតក្នុងការចាត់ទុកថាវាជាគ្រាប់បែកអ៊ីដ្រូសែន»៕