(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺCovid-19 ខេត្ត និងជាប្រធានក្រុមការងាទទួលខុសត្រូវ សម្របសម្រួល ក្នុងការដឹកនាំក្រុមការងារទទួលប្រជាពលរដ្ឋមានទីលំនៅ នៅខេត្តស្វាយរៀង ដែលវិលត្រលប់មកពីប្រទេសថៃ តំណាងលោកអភិបាលខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងការងារទទួលបងប្អូនប្រជាពលរដ្ឋខ្មែរ វិលត្រឡប់មកពីប្រទេសថៃ។
កិច្ចប្រជុំនេះធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធានអចិន្រ្តៃយ៍ អនុប្រធាន សមាជិក សមាជិកា គណៈកម្មការនៅសាលប្រជុំនន្ទីរ អគារ ខ សាលាខេត្តស្វាយរៀង។
លោក តូច ប៉ូលីវ៉ា បានថ្លែងថា កិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើការធ្វើចត្តាឡីស័កនូវការដាក់ពលករដាច់ដោយឡែក១៤ថ្ងៃ ដោយស្ម័គ្រចិត្តខ្លួនឯង និងដាច់ដោយឡែក នៅមណ្ឌលចត្តាឡីស័ក នៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក សម្រាប់ប្រជាពលរដ្ឋដែលវិលត្រឡប់មកពីក្រៅប្រទេស។
លោកបានបន្តថា នៅព្រឹកថ្ងៃទី០៨ខែមេសា លោកនឹងចាត់និងបញ្ជូនក្រុមការងារបីក្រុមទិសដៅ៤ខេត្ត ដើម្បីទៅទទួលពលករដែលវិលត្រលប់មកពីប្រទេសថៃ គឺចាំទទួលនៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និងឧត្តរមានជ័យ ហើយការបញ្ជូនក្រុមការងារនេះដែរ គឺបានធ្វើឡើងម្តងរួចមកហើយ តែដោយពលករតិចពេក ទើបវិលមកវិញ តែវគ្គនេះគឺពលករមកច្រើនទើបមានការបញ្ជូនក្រុមការងារសារជាថ្មី។
លោកបានបន្ថែមទៀតថា ក្នុងបេសកកម្មនេះលោកនឹងបង្កើត ការិយាល័យធ្វើចត្តាឡីស័កថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុងដើម្បីពិនិត្យសុខភាពកម្មករ និងកន្លែងដាក់ ដាច់ដោយឡែកចំនួន១៤ថ្ងៃ ពលរដ្ឋដែលមកពីក្រៅប្រទេស, រៀបចំក្រុមការងារដឹកជញ្ជូនពលករបន្ថែមទៀតនៅទិសខេត្ត ដែលជាប់នឹងទល់ដែនថៃ។
ផែនការទាំងអស់នេះគឺដើម្បីបង្ការទប់ស្កាត់នៅពេលមានករណីគំហុគកម្មករឆ្លង ដែនចូលមកស្រុកវិញ និងណែនាំពួកគាត់ឲ្យធ្វើអានាម័យជាប្រចាំហើយអាជ្ញាធរ ថ្នាក់ខេត្ត ថ្នាក់ស្រុក ក្រុង គឺបានត្រៀមគ្រប់មធ្យោបាយទាំងអស់ គឺដើម្បីអន្តរគមន៍ ឲ្យបានទាន់ពេលវេលារាល់មានករណីពលរដ្ឋណាម្នាក់ មានផ្ទុកជំងឺកូវីដ១៩នេះ ដោយយើងមានកន្លែងដាក់នៅដាច់ដោយឡែក ក្នុងការព្យាបាលអ្នកជំងឺផងដែរ៕