(កណ្ដាល)៖ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្ដកណ្ដាល បានដឹកនាំលោកស្នងការរង ,លោកអធិការស្រុក និងប្រតិភូជាច្រើនរូប ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាក្ខន្ធសពលោកវរសេនីយ៍ឯក មិន ប៊ុនឈាន នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដែលបានទទួលមរណភាព កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ នៅឃុំលើកដែក ស្រុកកោះធំ ខេត្ដកណ្ដាល ដោយរោគា៍ពាធ។
ក្នុងពិធីរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធនេះដែរ លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ក៏ដូចជាប្រតិភូទាំងអស់ បានសម្ដែងការសោកស្ដាយយ៉ាងខ្លាំងបំផុត ចំពោះការបាត់បង់លោកវរសេនីយ៍ឯក មិន ប៊ុនឈាន ក៏ដូចជាការបាត់បង់នាយនគរបាល១រូប ដែលកន្លងមកបានចូលរួមបម្រើប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល។
ជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត បានប្រគល់ថវិកាចំនួន ៧,៣០០,០០០រៀល និងប្រាក់ដុល្លារចំនួន១,៨៦០ដុល្លារសហរដ្ឋអាមេរិក ដល់គ្រួសារ នៃសពលោកវរសេនីយ៍ឯក មិន ប៊ុនឈាន ដើម្បីជួយសម្រួលចាត់ចែងក្នុងការធ្វើបុណ្យផងដែរ។ បន្ទាប់ពីគោរពវិញ្ញាណក្ខន្ធ និងប្រគល់ថវិការួច លោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ត បានជំរុញឲ្យការិយាល័យជំនាញរៀបចំឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីពន្លឿនក្នុងការបើកប្រាក់សមាគមមិត្ដនគរបាលចំនួន៦,០០០,០០០រៀល ជូនគ្រួសារ នៃសពផងដែរ។
ជាចុងបញ្ចប់ ក្រុមគ្រួសារនៃសព បានសម្ដែងគារវកិច្ច និងថ្លែងអំណរអគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្ដមសេនីយ៍ត្រី ឈឿន សុចិត្ដ, លោកស្នងការរង ក៏ដូចជាប្រតិភូទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃ និងសមាណចិត្តជ្រះថ្លាចូលរួមរំលែកទុក្ខជាមួយ ក្រុមគ្រួសាររបស់យើងខ្ញុំ៕