(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់អង្គភាព Fresh News មុននេះបន្តិចនាព្រឹកថ្ងៃនេះថា ជនដៃដល់ដែលកាប់សម្លាប់ជនរងគ្រោះ មួយគ្រួសារមានគ្នា ៧នាក់ បណ្តាលឲ្យស្លាប់ស្រ្តីជាម្តាយ និងកូនស្រីអាយុ១៣ឆ្នាំ នៅតំបន់ក្បាលឆាយ នោះត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បានហើយនៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់ថា កម្លាំងនគរបាលរបស់លោក សហការជាមួយនាយកដ្ឋានកណ្ដាល នគរបាលយុត្តិធម៌ ក្រោមបញ្ជាពីលោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា នាយកដ្ឋាននគរបាលបញ្ចេកទេស វិទ្យាសាស្ត្រ ឧបត្ថម្ភពីអង្គភាពការពារកុមារ C.P.U កម្លាំងនគរបាលភ្នំពេញ និងខេត្តកណ្តាល តាមស្រាវជ្រាវរហូតចាប់ខ្លួន នៅស្រុកមុខកំពូល ខេត្តកណ្តាល។ សម្រាប់ករណីឃាតកម្មនេះ ត្រូវបានលោកស្នងការប្រាប់ថា ជារឿងគំនុំ ហើយជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ និងធ្លាប់ប្រព្រឹត្តបទល្មើស ជាច្រើនផងដែរ នាពេលកន្លងទៅ។
សូមបញ្ជាក់ថា ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង០១:៣០នាទីយប់ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥នេះ កើតឡើងនៅភូមិ១ សង្កាត់១ ខេត្តក្រុងព្រះសីហនុ ខណ:ប្តី និងជាឪពុកចេញទៅនេសាទបាត់។
ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនរងគ្រេាះ៧នាក់ (ប្រុស២ស្រី៥) រួមមាន ទី១ជីដូន អាយុ៦៥ឆ្នាំមិនស្គាល់ឈ្មេាះរបួសក្បាលធ្ងន់ ទី២ ឈ្មោះ អ៊ុំ ផាន់ណា ភេទស្រីអាយុ៣២ឆ្នាំស្លាប់ ទី៣ ឈ្មោះ គង់ ផាន់ណារីនអាយុ១៣ឆ្នាំភេទស្រីស្លាប់ ទី៤ ឈ្មោះ គង់ ផាន់ណារី ភេទស្រីអាយុ១០ឆ្នាំ របួសក្បាលធ្ងន់ ទី៥ ឈ្មោះ គង់ ផាន់ណាសុន ភេទប្រុសអាយុ៥ឆ្នាំ របួសក្បាលធ្ងន់
ទី៦ ក្មេងប្រុសមិនស្គាល់ឈ្មេាះ អាយុ៣ឆ្នាំ របួសក្បាលធ្ងន់ និងទី៧ ក្មេងស្រីមិនស្គាល់ឈ្មេាះអាយុ១ឆ្នាំ៕