(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានជួបសំណេះសំណាលជាមួយ លោក ឈុន ស៉ីណា ប្រធាននាយកហិរញ្ញវត្ថុ តំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្ដរ ភីអិលស៉ី និងសហការី ដែលបាននាំយកការឧបត្ថម្ភនូវប្រេងឥន្ធនៈ និងសម្ភារប្រើប្រាស់មួយចំនួន ដើម្បីចូលរួមក្នុងការងារប្រយុទ្ធប្រឆាំងការរាតត្បាត នៃមេរោគ COVID-19 និងក្នុងកិច្ចការជួយសង្គ្រោះ បង្ការ និងពន្លត់អគ្គីភ័យ។
ការឧបត្ថម្ភទាំងអស់នោះរួមមាន៖ ប្រេងឥន្ធនៈ ១,០០០លីត្រ, ឧបករណ៍វាស់កម្ដៅ ០៥គ្រឿង, ម៉ាស៥០ប្រអប់, ទឹកអាល់កុល ៥កាន, ជែលលាងដៃ ១០០ដប, ក្រម៉ា (បង់ក) ២០០ និងសាប៊ូម្សៅ ១២កេស (ផ្ដល់ជូនការិយាល័យបង្ការ និងពន្លត់អគ្គីភ័យ)។
ក្នុងឱកាសនោះ លោក ឈុន ស៉ីណា តំណាងឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និរន្តរ ភីអិលស៊ី បានថ្លែងថា លោកសូមកោតសរសើរយ៉ាងខ្លាំង តាមរយៈគ្រប់សកម្មភាព របស់កងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ឯម កុសល ក្នុងបេសកកម្មដ៏មមាញឹក ចំពោះកិច្ចការ ការពារថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម។
លោកបន្ដថា សកម្មភាពនេះ ឆ្លុះបញ្ចាំងពីការគិតគូរយកចិត្តទុកដាក់ខ្ពស់ ប្រកបដោយប្រសិទ្ធភាព ដែលបងប្អូនប្រជាពលរដ្ឋអាជីវករ និងគ្រប់ស្ថាប័នរដ្ឋ និងឯកជន ទទួលបានជំនឿចិត្តយ៉ាងមុតមាំ លើកងកម្លាំងនគរបាលក្នុងមូលដ្ឋាន ទើបលោកសូមអនុញ្ញាត ចូលរួម និងកិច្ចការទាំងអស់នេះ តាមរយៈការឧបត្ថម្ភ នូវសម្ភារមួយចំនួនផងដែរ។
បន្ទាប់មកលោកឧត្តមសេនីយ៍ស្នងការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការមើលឃើញពីសកម្មភាពផ្សេងៗ ក្នុងបេសកកម្មកន្លងមក របស់កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបានប្រគល់ជូន នូវលិខិតថ្លែងអំណរគុណ ដល់តំណាងគ្រឹះស្ថានមីក្រូហិរញ្ញ និរន្តរ ភីអិលស៊ី ដែលបានចូលរួមចំណែក តាមរយៈការឧបត្ថម្ភប្រេងឥន្ធនៈ និងសម្ភារប្រើប្រាស់ ក្នុងកិច្ចការប្រយុទ្ធប្រឆាំង នឹងការរាតត្បាតមេរោគ COVID-19 និងការបង្ការ ពន្លត់អគ្គីភ័យផងដែរ៕