(ភ្នំពេញ)៖ ដើម្បីចូលរួមជាចំណែកក្នុងការសម្រួលការលំបាកដល់ប្រជាពលរដ្ឋដែលកំពុងត្រូវការ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងជំរុញយុទ្ធនាការប្រយុទ្ធប្រឆាំង និងរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ លោក ហ៊ុន ម៉ានី បាននាំយកអង្ករចំនួន ១០តោន និងមីចំនួន ២០០កេស បរិច្ចាគក្រោមគម្រោងសប្បុរសរបស់មូលនិធិម៉ានីប្រគល់ជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយ ដល់ប្រជាពលរដ្ឋខ្វះខាតជាក់ស្តែង។
នារយៈការកន្លងមកនេះ សកម្មភាពសប្បុរសធម៌ជាច្រើនមិនថា ការចូលរួមបរិច្ចាគជាថរិកា ជាសម្ភារ និងគ្រឿងឧបភោគបរិភោគផ្សេងៗ របស់សប្បុរជននានា ជាលក្ខណៈបុគ្គល និងស្ថាប័ន បានសបញ្ជាក់យ៉ាងច្បាស់នូវទឹកចិត្តនៃការចេះជួយគ្នាក្នុងគ្រាលំបាក និងស្មារតីរួមគ្នា ទាំងអស់គ្នាដើម្បីឆ្លងផុតនូវឧបសគ្គដែលកំពុងជួបប្រទេះជាមួយគ្នា។ លើសពីនេះទៀតនេះ រាល់ការចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល បានបង្ហាញពីការគិតគូរ និងការត្រៀមខ្លួនយ៉ាងខ្ជាប់ខ្ជួនក្នុងការបង្ការការពារ សុខមាលភាព និងសុខសុវត្ថិភាពប្រជាជាតិខ្មែរជារួម។
សូមជម្រាបជូនដែរថា ទន្ទឹមនឹងការនាំយកគ្រឿងឧបភោគបរិភោគ ប្រគល់ជូនដល់សាលាក្រុងរាជធានីភ្នំពេញ មូលនិធិម៉ានី បានសម្របសម្រួលអ្នកស្ម័គ្រចិត្តមកពីបណ្តាក្រុមយុវជនចំនួន ១៦ក្រុមផ្សេងៗគ្នា និងបានរួមសហការគ្នារៀបចំជាកញ្ចប់បរិច្ចាគ ដែលក្នុងមួយកញ្ចប់មាន៖ អង្ករ ៥គីឡូក្រាម ទឹកស៉ីអ៉ីវ ១ដប សាប៊ូលាងដៃ ១ដុំ និងភេសជ្ជៈ ២កំប៉ុង ទៅប្រគល់ជូនដល់សង្កាត់ទាំង១០៥ ទូទាំងរាជធានីភ្នំពេញ ដើម្បីយកទៅបន្តចែកជូនប្រជាពលរដ្ឋ ដោយក្នុងមួយសង្កាត់នឹងទទួលបានចំនួន ១០០កញ្ចប់។
ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោក ហ៊ុន ម៉ានី ដែលលោកនាពេលកន្លងមក ដូចជានៅពេលបច្ចុប្បន្ននេះ លោកតែងតែជួយឧបត្ថម្ភមកឲ្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឲ្យរដ្ឋបាលរាជធានីភ្នំពេញ មានលទ្ធភាពក្នុងការបន្តចែកជូនទៅដល់ប្រជាពលរដ្ឋ ដែលជួបបញ្ហាជីវភាព៕