(ភ្នំពេញ)៖ នរណានឹងស្រលាញ់បង (Who Will Love You?) ជាចំណងជើងនៃបទចម្រៀងមួយដែលនិពន្ធ និងច្រៀងផ្ទាល់ដោយក្មេងស្រីខ្មែរកាត់អូស្រ្តាលី ហើយដែលបានធ្វើឲ្យគេសរសើរមិនដាច់ពីមាត់នូវអត្ថន័យនិងទឹកដមសំឡេងដ៏ក្រអួនក្រអៅចេញពីអាលី រិនដល វ័យទើប១៦ឆ្នាំប៉ុណ្ណោះ។
ចម្រៀងជាភាសាអង់គ្លេសមួយបទនេះបង្កប់នូវខ្លឹមសារបែបមនោសញ្ចេតនាស្នេហាដ៏ជ្រាលជ្រៅមួយរបស់អ្នកនិពន្ធវ័យក្មេងដ៏ស្រស់ស្អាត សម្បុរសណ្តែកបាយ។
វ័យទើប១៦ឆ្នាំ នាងតែងបទចម្រៀងបាន៨បទទៅហើយ ក្នុងនោះ៧បទកំពុងផលិតត្រៀមចេញផ្សាយ រីឯបទទីមួយ Who Will Love You? ត្រូវបានផលិតជាវីដេអូនិងចេញផ្សាយនៅដើមខែមេសានេះ ។
អ្វីដែលជាភាពអស្ចារ្យរបស់ អាលី រិនដល គឺរាល់បទចម្រៀងទាំងអស់ អាលី ជាអ្នកតែងនិពន្ធផងតែងទំនុកបទភ្លេងផងនិងជាអ្នកច្រៀងទៀត ។
បទចម្រៀងទី២របស់នាងដែលនឹងផលិតចេញផ្សាយនៅប៉ុន្មានសប្តាហ៍ខាងមុខមានចំណងជើងថា តើត្រូវបញ្ចប់ដោយវិធីណា? “How This Ends?” ។
តើ អាលី រិនដល ជានរណា?
ចេះនិយាយពីរភាសា (ខ្មែរ និងអង់គ្លេស) អាលី ជាកូនកាត់ខ្មែរអូស្រ្តាលី។ នាងជាកូនស្រីរបស់លោក Matthew Rendall (អូស្រ្តាលី) និងលោកស្រី Sapor Rendall (ខ្មែរ) ជាតារានិងគ្រូបង្ហាញម៉ូតដ៏ល្បីល្បាញមួយរូបរបស់កម្ពុជា ។
អាលីគឺជាក្មេងស្រីម្នាក់ដែលព្យាយាម និងខំប្រឹងប្រែងរៀនសូត្រ ។ នាងពូកែទាំងផ្នែកសិល្បៈនិងកីឡា៕
ចង់ដឹងបន្ថែមពីស្នាដៃរបស់នាង សូមចូលមើល ហ្វេសប៊ុក៖ Ally Rendall