(ភ្នំពេញ)៖ បេឡាជាតិអតីតយុទ្ធជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងបើកប្រាក់របបសន្តិសុខប្រចាំខែមេសា ឆ្នាំ២០២០ និងប្រាក់ឧបត្ថម្ភបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចំនួន ៥០,០០០ រៀល (ហាសិបពាន់រៀលគត់) ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន ចាប់ពីម៉ោង០៨៖៣០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០តទៅ តាមប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ីលីដា នៅទូទាំងប្រទេស។
គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្អាកការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ទោះបីជាមានការផ្អាកពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ យ៉ាងណាក៏ដោយ ប្រាក់ឧបត្ថម្ភ បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចំនួន ៥០,០០០ រៀល (ហាសិបពាន់រៀលគត់) ជូនអតីតយុទ្ធជនគ្រប់ប្រភេទ និងគ្រួសារអតីតយុទ្ធជន នៅបន្តបើក និងប្រគល់ជូនដូចរៀងរាល់ឆ្នាំដែរ។
ចំពោះការបើកប្រាក់របបសន្តិសុខសង្គមខាងលើនេះ អតីតយុទ្ធជនទាំងអស់ត្រូវយកភ្ជាប់មកជាមួយ នូវសៀវភៅគណនី និងអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬកាត ATM ដើម្បីប្រើប្រាស់ បើកនៅតាមទូរ ATM របស់ធនាគារដៃគូខាងលើ នៅទូទាំងប្រទេស។
យោងតាមសេចក្តីជូនដំណឹងរបស់បេឡាជាតិអតីតយុទ្ធជន ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់ថា ក្នុងករណីមានបញ្ហាផ្សេងៗ សូមមេត្តាជូនដំណឹង មកបេឡាជាតិអតីតយុទ្ធជន តាមប្រព័ន្ធទូរស័ព្ទលេខ ០២៣ ២១៣ ៥៨០៕