(កំពត)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះបានណែនាំដល់កសិករ ដែលជាផលិតបន្លែ ត្រី សាច់ ត្រូវចាប់យកឱកាសមាស បង្កើតការផលិតទាំងបរិមាណ និងគុណភាព ដើម្បីតម្រូវការផ្គត់ផ្គង់ក្នុងស្រុក ខណៈកម្ពុជាកាត់បន្ថយការនាំចូល ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩។
ការណែនាំរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសលោកចុះមកពិនិត្យសកម្មភាពជាក់ស្តែង និងវឌ្ឍនភាពនៃគម្រោងស្តីពី «កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE នៅស្រុកបន្ទាយមាស ខេត្តកំពត។
លោករដ្ឋមន្ត្រីបានអញ្ជើញចុះពិនិត្យមានដូចជា៖ ១៖កសិដ្ឋានបន្លែផ្ទះសំណាញ់ ការបូមទឹកដោយប្រើថាមពលព្រះអាទិត្យ ទស្សនាបន្លែ (ត្រសក់ ត្រកួន ស្ពៃ ត្រប់ ននោង សណ្តែកគួ ម្ទេស ត្រឡាច ជីគ្រប់មុខ និងល្ពៅ) របស់លោក ទេស សារី នៅភូមិព្រៃធំ ឃុំទូកមានខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ ២៖ ជួបសមាជិកសហគមន៍កសិកម្ម និងបណ្តុំអាជីវកម្មបន្លែព្រៃធំ ធាតុចូលដែលផលិត និងលក់ចែក ចាយដោយសហគមន៍ព្រៃធំ និងបណ្តុំអាជីវកម្មធាតុចូលកសិកម្ម។ ៣៖ ជួបជាមួយបណ្តុំអាជីវកម្មមាន់សាច់ នៅភូមិតាព្រឹត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស។
ដើរពិនិត្យចំការបន្លែបណ្តើរ ជួបសួរសំណេះសំណាលបណ្តើរជាមួយលោក ទេស សារី និងលោក យឹម បុណ្យ ម្ចាស់កសិដ្ឋាន និងជាប្រធានសហគមន៍ផងនោះ លោកទទួលបានព័ត៌មានសំខាន់ៗជាច្រើន ដែលកើតឡើងពីសកម្មភាពអនុវត្តគម្រោងនេះផ្ទាល់ ទាំងចំណុចវិជ្ជមាន និងចំណុចខ្វះ ខាតទាក់ទងការប្រាក់ចំណូល ទុនសន្សំក្នុងសហគមន៍ ការអនុវត្តបច្ចេកទេសដូចជាការដាំដុះ ថែទាំ ប្រមូលផល វេចខ្ចប់ រក្សាទុកដាក់ ស្លាកសញ្ញា ការដឹកជញ្ជូន ខ្វះប្រភពទឹក និងហេដ្ឋា រចនាសម្ព័ន្ធគាំទ្រសំខាន់ៗមួយចំនួនទៀត។
លោករដ្ឋមន្ត្រីបានបន្តជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ និងបណ្តុំអាជីវកម្មមាន់សាច់ អំពីសមិទ្ធផលសំខាន់ៗ ដែលទទួលបានពីការ អនុវត្តគម្រោង កម្រិតជីវភាព សុខទុក្ខ និងសុខភាពជាចំបងដែលទាក់ទងនឹងជំងឺកូវីដ-១៩។
ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ជូនចំពោះរាជរដ្ឋាភិបាលតាមរយ: ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទាន សម្រាប់អនុវត្តកម្មវិធី ASPIRE ទទួលបានលទ្ធផលគួរឲ្យកត់សម្គាល់។
លោកបានលើកឡើងថា ជំនួយសម្រាប់អភិវឌ្ឍវិស័យកសិកម្ម ដោយផ្តោតជាសំខាន់លើការលើកកម្ពស់កម្រិតជីវភាព តាមរយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះ ដោយប្រើប្រាស់បច្ចេកទេសទំនើប ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាកសិករ បណ្តុំអាជីវកម្ម និងសហគមន៍កសិកម្ម ដោយឈរលើសុឆន្ទៈនៃគំនិតផ្តួចផ្តើម និងចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។
លោកបន្តថា បច្ចុប្បន្នកម្មវិធីនេះ គឺមានឥទ្ធិពលជាវិជ្ជមាន ក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការ ប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ ទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយផ្តោតលើ៖ ទី១៖ការលើកកំពស់ប្រសិទ្ធភាពសេវាកម្មកសិកម្ម ឆ្លើយតបនឹងតម្រូវការកសិករខ្នាតតូច និងទី២៖ ជួយកសិករទាំងនោះ ឲ្យចេះធ្វើអាជីវកម្មកសិកម្មពីបែបចិញ្ចឹមជីវិត ទៅជាកសិកម្មតាមបែបពាណិជ្ជកម្ម ធន់នឹងការប្រែប្រួលអាកាសធាតុ និងក្លាយជាសហគ្រិនភាពនៅទីជនបទ។
យោងលើសមិទ្ធផលដ៏ធំធេងដែលកម្មវិធីសម្រេចបាន ពិតណាស់បានចូលរួមអនុវត្តយ៉ាងពេញលេញ នូវយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័កសិកម្ម ២០១៩- ២០២៣ ក្នុងទិសដៅគោល គឺទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ រក្សានិរន្តរភាពប្រាក់ ចំណូល និងនរវានុវត្តន៍ឱ្យទាន់ទៅហ្នឹងការរីកចម្រើន ផ្នែកបច្ចេកវិទ្យាកសិកម្មវៃឆ្លាត ការប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសក្នុងបរិបទ ដែលពិភពលោកបាន និងកំពុងតែប្រឈមនឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដោយសារជំងឺឆ្លងដ៏កាចសាហាវកូវីដ-១៩។
ទាក់ទងនឹងប្រសាសន៍របស់សម្តេចតេជោ ដែលអំពាវនាវឱ្យពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជម្រុញការផលិតក្នុងស្រុក រួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និង ដាំបន្លែ ដើម្បីផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុកនោះ លោករដ្ឋមន្ត្រី វេង សាខុន បានណែនាំឲ្យអង្គភាពអនុវត្ត និងអ្នកទទួលផល ពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាព អំពីសកម្មភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឲ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន ដើម្បីក្រសោបយកឱកាសមាសនេះ មកកាន់ក្នុងដៃឱ្យបានដោយត្រូវបង្កើន ការផលិតទាំងបរិមាណ និងគុណភាព ធានាដល់ការផ្គត់ផ្គង់ទាំង ក្នុងពេលបច្ចុប្បន្ន ក៏ដូចជាពេលអនាគត។
លោករដ្ឋមន្ត្រីបានស្នើឲ្យអាជ្ញាធរថ្នាក់ខេត្ត ស្រុក ឃុំ ត្រូវចូលរួមសហការឱ្យបានពេញ លេញជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួល និងឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាងក្នុងទិសដៅចំបង គឺបង្កើនការផលិតក្នុងស្រុក ឱ្យបានគ្រប់គ្រាន់ក្នុងខណ:ដែលយើង បិទការនាំចូលកសិផលពីខាងក្រៅ។
ដើម្បីឱ្យការអនុវត្តគម្រោងកាន់តែមាន ប្រសិទ្ធភាព និងប្រសិទ្ធផលថែមទៀត លោករដ្ឋមន្ត្រី បានស្នើឲ្យមន្រ្តីនៃអង្គភាពជំនាញពាក់ព័ន្ធ និងមន្រ្តីអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវរៀបចំយុទ្ធសាស្រ្ត ផែនការ សកម្មភាពធ្វើយ៉ាងណាឱ្យការអនុវត្តកម្មវិធីបានល្អប្រសើរ តាមគោលដៅរំពឹងទុក រួមជាមួយនឹងការប្រើប្រាស់ហិរញ្ញប្បទាន ប្រកបដោយតម្លាភាព ក្នុងស្មារតីទទួលខុសត្រូវ ឆ្លើយតបទៅនឹងតម្រូវ ការពិតប្រាកដរបស់ប្រជាជន និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល។
លោកបានក្រើនរំលឹងបងប្អូនទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ នេះឱ្យមានប្រសិទ្ធភាព ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន តាមការណែនាំរបស់ក្រសួងសុខាភិបាល។
សូមជម្រាបថា ក្នុសន្និសីទសារព័ត៌មានស្តីអំពី «ការវិវត្តន៍ជំងឺកូវីដ១៩» នាថ្ងៃទី០៧ ខែមេសាម្សិលមិញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអំពាវនាវឱ្យពលរដ្ឋត្រូវខិតខំធ្វើការដាំដុះ ជម្រុញការផលិតក្នុងស្រុករួមមានការចិញ្ចឹមជ្រូក មាន់ ទា ត្រី និង ដាំបន្លែ ដើម្បីផ្គត់ផ្គង់ឱ្យតម្រូវការក្នុងស្រុក ដោយយកឱកាសមាសនេះ បង្កើតជាកាលានុវត្តភាពសម្រាប់វិស័យកសិកម្ម ខណ:យើងកាត់បន្ថយការនាំចូលពីខាងក្រៅ ដើម្បីចូលរួមបង្កា និងទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ១៩៕