(ភ្នំពេញ)៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ថ្មីមានចំនួនរហូតដល់៥នាក់ ធ្វើឲ្យចំនួនសរុបកើនដល់៦៣នាក់ និងកំពុងសម្រាកព្យាបាល៥៤នាក់ នៃអ្នកឆ្លងសរុបកើនដល់១១៧នាក់ បើគិតត្រឹមព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានមុននេះបន្តិច។

អ្នកជាសះស្បើយទាំង៥នាក់រួមមាន៖

* បុរសជនជាតិបារាំង០២នាក់៖ បុរសអាយុ៦៣ឆ្នាំ និងបុរសអាយុ៦៧ឆ្នាំ ជាអ្នកទេសចរបារាំង បានសម្រាកព្យាបាលនៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ បានជាសះស្បើយ ដោយទទួលបានការធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក។ ពួកគេកំពុងដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងសណ្ឋាគារ ដើម្បីរង់ចាំជើងហោះហើយត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

* បុរសជនជាតិខ្មែរ អាយុ៣៦ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសជប៉ុន បានជាសះស្បើយ ទទួលបានការធ្វើតេស្តអវិជ្ជមាន២លើក ត្រូវអនុញ្ញាតឲ្យចាកចេញពីមណ្ឌលសុខភាព ចាក់អង្រែក្រោម។

* ស្ត្រីជនជាតិខ្មែរ អាយុ៣៧ឆ្នាំ នៅរាជធានីភ្នំពេញ ជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសបារាំង បានជាសះស្បើយ ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម។

* បុរសជនជាតិខ្មែរអាយុ២៨ ឆ្នាំនៅរាជធានីភ្នំពេញ (ជាអ្នករកស៊ីមានមិត្តិភ័ក្ត្រចេញចូលនៅច្រកប៉ោយប៉ែត្រច្រើន) បានជាសះស្បើយ ដោយទទួលលទ្ធផលតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមណ្ឌលសុខភាពចាក់អង្រែក្រោម។