(សៀមរាប)៖ កម្លាំងស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចាប់ខ្លួនបុរសម្នាក់ដែលបង្ហោះសារ តាមបណ្ដាញសង្គម Facebook គំរាមសម្លាប់ថ្នាក់ដឹកនាំ និងញុះញង់ឲ្យមានការរើសអើង ព្រមទាំងជេរប្រមាថអង្គព្រះមហាក្សត្រ។
លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការរងទទួលផែនការងារសន្ដិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចឃាត់ខ្លួននេះ ឈ្មោះ អាត់ អេង ឬ សេន អាត អាយុ៣៦ឆ្នាំ មុខរបរជាងភ្លើង និងម៉ាស៊ីនត្រជាក់ មានទីលំនៅភូមិទួល ឃុំទឹកល្អក់ ស្រុកព្រៃលប់ ខេត្តព្រះសីហនុ។
លោកស្នងការរងបញ្ជាក់ថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេតសាវឿន អគ្គស្នងការនគរបាលជាតិ, នាយកដ្ឋានជំនាញ បានសហការជាមួយផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលមានការិយាល័យប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនជាអ្នកអនុវត្តនីតិវិធី ហើយមានការសម្របសម្រួលពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ និងលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប។
បើតាមលោកឧត្តមសេនីយ៍ត្រី ហួត សុធី ជនសង្ស័យបានធ្វើសកម្មភាព និងរូបភាពបង្ហោះតាមបណ្ដាញសង្គម គំរាមសម្លាប់ថ្នាក់ដឹកនាំ ញុះញង់ឲ្យមានការរើសអើង ជេរប្រមាថអង្គ ព្រះមហាក្សត្រ និងជេរប្រមាថស្ថាប័នផ្សេង និងប្រជាពលរដ្ឋជាច្រើននាក់ក្នុងប្រទេសកម្ពុជា រាល់សកម្មភាពនេះ ជនសង្ស័យបានបង្កើតបង្ហោះតាមបណ្ដាញសង្គម Facebook និង Tiktok ក្លែងដោយប្រើប្រាស់មធ្យោបាយទូរសព្ទដៃម៉ាក Vivo (Y5)ពណ៌ខៀវ ដែលមានគណនី ឈ្មោះដូចខាងក្រោម៖
*ទី១៖ ត្រាំងសិលា អង្គរធំភូមិប្រាសាទ
*ទី២៖ សិលា សៀមរាប ឬ សិលា ប្រាសាទ
*ទី៣៖ គណនី Tiktok ឈ្មោះ សិលាសៀមរាប
ក្រោយសាកសួរសាមីខ្លួនបានឆ្លើយសារភាពថា ខ្លួនពិតជាបាន បង្ហោះដោយប្រើប្រាស់គណនីដូចខាងលើពិតប្រាកដមែន ដោយប្រើឈ្មោះ និងរូបថតអតីតប្រពន្ធរបស់ខ្លួន ដើម្បីឲ្យសមត្ថកិច្ចចាប់អតីតប្រពន្ឋខ្លួន ដាក់គុកព្រោះដោយហេតុខឹងអតីតប្រពន្ធមិនរស់នៅជាមួយខ្លួន។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីបន្តនីតិវិធី៕