(ឧត្តរមានជ័យ)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំអ្នកបច្ចេកទេសទៅរៀបចំ និងដំឡើងប្រព័ន្ធបាញ់ថ្នាំសម្លាប់មេរោគនៅច្រកព្រំដែនអូរស្មាញ់ ស្ថិតក្នុងខេត្តឧត្តរមានជ័យ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ ពេលពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ ឬភ្ញៀវចេញចូលច្រកនោះ។
ក្រៅពីការរៀបចំដំឡើងប្រព័ន្ធបាញ់ថ្នាំសម្លាប់មេរោគនៅច្រកព្រំដែនហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បាននាំម៉ាសប្រមាណ ៧៥,០០០ម៉ាស និងម៉ាស៊ីនបាញ់កម្តៅចំនួន៣៥ឈុត ទៅចែកជូនប្រជាពលរដ្ឋទុកសម្រាប់ប្រើប្រាស់ ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលដាលជំងឺកូវីដ១៩។
ជំនួយជាម៉ាស ម៉ាស៊ីនបាញ់កម្តៅ និងថ្នាំបាញ់សម្លាប់មេរោគនេះ ទទួលបានពីសមាគមសង្គ្រោះបន្ទាន់កម្ពុជា និងសមាគមសភាពាណិជ្ជកម្មចិនខេត្តហ៊ូណាន។
ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រយ័ត្នប្រយែង ដើម្បីចៀសវាងការឆ្លង និងបានជំរុញឱ្យរាល់មធ្យោបាយដឹកជញ្ជូនទាំងអស់ សូមជូនដល់គោលដៅ នឹងត្រូវមានទូរសព្ទសម្រាប់ទំនាក់ទំនងគ្នា។ ជាពិសេសគ្រូពេទ្យប្រចាំការនៅទីនោះ ត្រូវយកចិត្តទុកដាក់ និងចែកនូវអាហារមួយចំនួនដល់ប្រជាពលរដ្ឋទើបត្រឡប់មកពីប្រទេសថៃផងដែរ។
សូមបញ្ជាក់ថា នៅក្នុងខេត្តឧត្តរមានជ័យរហូតមកដល់ពេលនេះមិនមានអ្នកកើតជំងឺកូវីដ១៩នោះឡើយ។ លោកទេសរដ្ឋមន្ត្រី គន់ គីម បាននឹងកំពុងដឹកនាំក្រុមការងារធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីរៀបចំទុកដាក់ប្រជាពលរដ្ឋត្រឡប់មកពីប្រទេសថៃឱ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បញ្ចៀសការចម្លងជំងឺដល់ក្រុមគ្រួសារក្នុងករណីពលរដ្ឋមកពីថៃមានជំងឺកូវីដ១៩នោះ។
ក្រៅពីធ្វើសកម្មភាពទប់ស្កាត់ និងបង្ការការចម្លងជំងឺកូវីដ១៩រវាងពលរដ្ឋមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅក្នុងស្រុកហើយនោះ លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានចុះធ្វើសកម្មភាពនាំស្បៀងអាហារជូនពលរដ្ឋជួបការខ្វះខាតក្នុងជីវភាព និងរងផលប៉ះពាល់ពីជំងឺកូវីដ១៩។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំពួកគេពីវិធាននានា ដើម្បីការពារការចម្លង និងកុំឱ្យឆ្លងជំងឺកូវីដ១៩ផងដែរ៕