(ស្វាយរៀង)៖ លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយឃុំថ្នាធ្នង់ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ បាននាំយកអំណោយរបស់លោក លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករំដួល មកជូនគ្រួសារក្រីក្រនៅក្នុងឃុំចំនួន ៦៩គ្រួសារ មកពីភូមិត្រពាំងក្នុង ភូមិថ្មី ភូមិចំណតត្រាច ភូមិធ្នុង ភូមិថ្នា ភូមិត្រពាំងថ្ម និងព្រែកពក។
ក្នុងនោះមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ក្រមា២ សាប៊ូលាងដៃ ចំនួន៦ដុំ ខិតប័ណ្ណផ្សព្វផ្សាយ ១ ព្រមទាំងថវិកា ២ម៉ឺនរៀល។
លោក តូច ប៉ូលីវ៉ា បានថ្លែងថា ដោយមើលពីការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានជាកសិករធ្វើស្រែចំការ ដាំដុះដំណាំ និងទំនេរពីការងារជាកសិករមួយចំនួន បានទៅធ្វើការនៅប្រទេសជិតខាង ដើម្បីប្រាក់កម្រៃពីការធ្វើការងារប្រចាំថ្ងៃ ប៉ុន្តែដោយស្ថានភាពការរីករាលដាលនៃជំងឺកូវីដ-១៩ ធ្វើឲ្យច្រកព្រំដែនត្រូវបានបិទទ្វារ មិនអាចបន្តរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារបាន ហើយមានការយកចិត្តទុកដាក់ពីក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកលោកទេសរដ្ឋមន្ត្រី លី ធុជ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំថ្នាធ្នង់ បាននាំអំណោយមកចែកជូនគ្រួសារក្រីក្រ ដើម្បីសម្រាលនូវការលំបាករបស់ប្រជាពលរដ្ឋបានមួយគ្រាផងដែរ។
លោក តូច ប៉ូលីវ៉ា បានថ្លែងនូវការផ្ដាំផ្ញើសាកសួរសុខទុកប្រជាពលរដ្ឋពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង និងលោកទេសរដ្ឋមន្ត្រីលី ធុជ ជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននៅឃុំថ្នាធ្នង់ផងដែរ។
លោកបានបន្តថា អាជ្ញាធរមូលដ្ឋាននិងមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ត្រូវចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ថ្នាក់ខេត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់ពីធ្វើការក្រៅខេត្ត និងក្រៅប្រទេស ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា៕