(មណ្ឌលគិរី)៖ កម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី បានឃាត់ខ្លួនមនុស្ស ៣នាក់ ក្នុងចំណោម៥នាក់ បន្ទាប់ពីលើកគ្នាទៅរំដោះជនត្រូវចោទឈ្មោះ ទូច ហឿន ក្នុងសំណុំរឿងព្រហ្មទណ្ឌ (ប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុ) ដល់សាលាដំបូងខេត្តមណ្ឌលគិរី។
លោក អៃ ចំណាប់ ប្រធានមន្ទីរស្រាវជ្រាវយុត្តិធម៌ នៃកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានប្រាប់អង្គភាព Fresh News ប្រចាំខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ថា «ពិតជាមានករណីឃាត់ខ្លួនមនុស្ស ៣នាក់មែន ខណៈពួកគាត់ចំនួន ៥នាក់ នាំគ្នាមករំដោះជនត្រូវចោទ ដល់តុលាការ កាលពីវេលាម៉ោង៨៖១០នាទីយប់ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ ដែលរូបគាត់ផ្ទាល់អ្នកទាំង៣នាក់ វាយគាត់ទ្រោមខ្លួន»។
លោកបានបន្តថា ក្នុងនោះឃាត់ខ្លួនបាន៣នាក់ រួមមាន៖ ម្តាយ, ប្រពន្ធ និងបងបង្កើតរបស់ជនត្រូវចោទ ហើយ២នាក់ទៀតរត់គេចខ្លួន ក្នុងនោះមានឪពុកជនត្រូវចោទម្នាក់ផងដែរ។ បើតាមការបង្ហើបប្រាប់ឱ្យដឹងពីសមត្ថកិច្ច ឱ្យដឹងថា ករណីរបស់ ឈ្មោះ ទូច ហឿន ដែលសត្ថកិច្ចឃាត់ខ្លួននេះ គឺអត់មានលិខិតឃុំខ្លួនចេញពីអង្គចៅក្រមនោះទេ ទើបក្រុមគ្រួសារបងប្អូនរបស់ជនត្រូវចោទលើកគ្នាមករំដោះឈ្មោះ ទូច ហឿន តែម្តង។
តាមការអះអាងពីខាងកងកម្លាំងអាវុធហត្ថ ក៏បានឱ្យដឹងថា ឈ្មោះ ទូច ហឿន ក៏គ្មានលិខិតបញ្ជាក់ថា ឱ្យដោះលែងឈ្មោះ ទូច ហឿន នេះដែរ។ បច្ចុប្បន្ន ជនត្រូវចោទចៅក្រមសាលាដំបូង កំពុងធ្វើការសាកសួរ តើសម្រេចឃុំខ្លួន ឬមិនឃុំក្នុងថ្ងៃនេះ។ ដោយឡែក ជនសង្ស័យ ៣នាក់ កំពុងសាកសួរដោយសមត្ថកិច្ចអាវុធហត្ថខេត្ត និងបញ្ជូនមកតំណាងអយ្យការ អាចនឹងឈានដល់ការចោទប្រកាន់។
សូមជម្រាបថា ឈ្មួញរកស៊ីដីម្នាក់ត្រូវកម្លាំងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនបន្ទាប់ពីទទួលពាក្យបណ្តឹងរឿង ប្រើប្រាស់ហិង្សាលើអ្នកកាន់កាប់អចលនវត្ថុស្របច្បាប់ ហើយលួចបន្លំលក់ដីរបស់អ្នកដទៃទៀតផង។
តាមសេចក្តីរាយការណ៍ឱ្យដឹងថា បុរសដែលឃាត់ខ្លួន អតីតជាគ្រូបង្រៀន ហើយបច្ចុប្បន្នជាឈ្មួញរកស៊ីដីកំពុងកាក់កបខ្លាំង ត្រូវបានកងកម្លាំកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី ឃាត់ខ្លួន ក្រោយពេលដែសមត្ថកិច្ចទទួលបានពាក្យបណ្តឹងទប់ស្កាត់មួយ របស់ជនរងគ្រោះក្នុងរឿងព្រហ្មទណ្ឌ។
សមត្ថកិច្ច បានបញ្ជាក់ថា កាលរសៀលថ្ងៃទី០៣ ខែមេសា ដោយអនុវត្តតាមដីកា ចាត់ឱ្យស៊ើបសួរជំនួស កងកម្លាំងកងរាជអាវុធហត្ថ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ទូច ហឿន អាយុ៣៧ឆ្នាំ ទីលំនៅក្នុងក្រុងសែនមនោរម្យ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ហិង្សា លើអ្នកកាន់កាប់អចលនវត្ថុ តាមមាត្រា២៤៨ នៃច្បាប់ព្រហ្មទណ្ឌ៕