(ប៉ៃលិន)៖ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ខេត្ត បានជំរុញឱ្យមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងក្រុមគ្រូពេទ្យ ត្រូវបន្តធ្វើការផ្សព្វផ្សាយអប់រំ នៅតាមមូលដ្ឋាន ជាពិសេសនៅតាមទីប្រជុំជន និងទីសាធារណៈឲ្យបានផុលផុស អំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ដើម្បីអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកថ្លែងជំរុញបែបនេះ ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្សព្វផ្សាយអំពីវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នៅតាមខ្នងផ្ទះ ព្រមទាំងឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត នៅក្នុងសង្កាត់បរយ៉ាខា និងសង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ចំនួន ៥៤គ្រួសារ បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០។
លោកអភិបាលខេត្ត បានថ្លែងថា ក្នុងប្រទេសកម្ពុជា ត្រូវបានរកឃើញមានអ្នកឆ្លងកូវីដ១៩នេះជាង ១០០នាក់ក៏ដោយ ប៉ុន្តែសម្រាប់ខេត្តប៉ៃលិន រហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញ មានអ្នកឆ្លងជំងឺនេះនៅឡើយទេ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានពលករចំណាកស្រុកទាំងក្នុង និងក្រៅប្រទេស បានវិលត្រឡប់ចូលមកកាន់ស្រុកកំណើតវិញ ដោយគេមិនបានដឹងថា ក្នុងចំណោមមនុស្សទាំងអស់នោះ មានអ្នកផ្ទុកមេរោគកូវីដ១៩ ឬអត់នោះទេ។
ដូច្នេះដើម្បីទប់ស្កាត់កុំឲ្យមានការចម្លងជំងឺនេះ ក៏ដូចជាដើម្បីជួយសង្គ្រោះ និងព្យាបាលដល់ជនរងគ្រោះដែលមានផ្ទុកជំងឺនេះ ឲ្យបានទាន់ពេលវេលា គណៈកម្មការប្រយុទ្ធនឹងជំងឺ COVID-19 ខេត្តប៉ៃលិន បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីអនុវត្តន៍តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រសួងសុខាភិបាល ដោយទាំងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ មន្រ្តីជំនាញពាក់ពន្ធ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យជំនាញ ត្រូវរួមគ្នា ចុះផ្សព្វផ្សាយនៅតាមភូមិ និងតាមខ្នងផ្ទះ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមបង្ការ និងទប់ស្កាត់ជំងឺ COVID-19 នេះទាំងអស់គ្នា។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៏បានធ្វើការផ្សព្វផ្សាយណែនាំ ដល់ប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ អំពីការធ្វើអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា៖ ត្រូវលាងសម្អាតដៃឱ្យបានជាប្រចាំជាមួយសាប៊ូ និងទឹក ឬប្រើទឹកលាងដៃដែលមានជាតិអាល់កុល ត្រូវបរិភោគអាហារដែលចំអិនបានត្រឹមត្រូវ កាត់បន្ថយការចេញក្រៅ និងការជួបជុំគ្នាប្រសិនបើគ្មានការចាំបាច់។ ប្រសិនបើប្រជាពលរដ្ឋចេញទៅខាងក្រៅ ត្រូវពាក់ម៉ាស ឬរុំក្រមាជានិច្ច ហើយត្រូវទៅជួបគ្រូពេទ្យជាបន្ទាន់ប្រសិនបើមានអាការៈគួរឲ្យសង្ស័យ ដូចជា ក្តៅខ្លួន ក្អក និងពិបាកដកដង្ហើមជាដើម ចំណែកប្រជាពលរដ្ឋណាដែលទើបត្រឡប់ពីបរទេស ត្រូវរាយការណ៍ទៅអាជ្ញាធរភ្លាមៗ ដើម្បីធ្វើការពិនិត្យជៀសវាងការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលបាននូវវិធានការណ៍យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល និងសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល គណៈកម្មការប្រយុទ្ធ នឹងជំងឺ COVID-19 ខេត្ត បានធ្វើផ្សព្វផ្សាយយ៉ាងទូលំទូលាយ នៅតាមសហគមន៍ និងតាមខ្នងផ្ទះ អំពីសារអប់រំរបស់ក្រសួងសុខាភិបាល ដើម្បីបំផុសស្មារតីការចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងប្រភេទថ្មី COVID-19 ព្រមទាំងចុះឧបត្ថម្ភស្បៀង ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត បន្ទាប់ពីពួកគាត់រងផលប៉ះពាល់សេដ្ឋកិច្ចគ្រួសារ ដោយការផ្ទុះឡើងនៃជំងឺ Covid-19 នៅក្នុងខេត្ត។ សកម្មភាពនេះ បានធ្វើ២លើកហើយ ដោយលើកទី១ មាន ចំនួន ២៤៧គ្រួសារ និងទី២ ចំនួន ៣០៤គ្រួសារ សរុបទាំងអស់ ចំនួន ៥៥១គ្រួសារ ដោយក្នុង ១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ និងទឹកត្រី ១យួរ ផងដែរ៕