(កណ្ដាល)៖ លោក មួង ដារ៉ា មេគយច្រកទ្វាអន្តរជាតិជ្រៃធំ បានបញ្ជាក់ប្រាប់ភ្នាក់ Fresh News ប្រចាំខេត្តកណ្ដាលនាថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ថា សារធាតុមេតាណុលបាននាំចូល ដោយមានការបង់ពន្ធត្រឹមត្រូវ ហើយសារធាតុមេតាណុលនេះ គឺគេយកទៅ សម្រាប់បម្រើឱ្យវិស័យសិប្បកម្មនានា ហើយមេតាណុលទៀតសោត ស្រដៀងនឹងអេតាណុល ដែលជាសារធាតុអាល់កុលសម្លាប់មេរោគ ដូច្នេះបើសិនអ្នកនាំចូលយកទៅលក់បោកប្រាស់ប្រជាពលរដ្ឋ ខាងជំនាញនឹងចុះចាប់មិនខានឡើយ។
លោក មួង ដារ៉ា ពន្យល់បន្ថែមថា សូមកុំមានការយល់យល់ច្រឡំចំពោះសារធាតុមេតាណុល និងអេតាណុលព្រោះថា អេតាណុល គឺជាសារធាតុអាល់កុលសម្លាប់មេរោគបាន ប៉ុន្តែមេតាណុលវិញ ជាសារធាតុបម្រើឱ្យវិស័យសិប្បកម្ម ដូចជាគេយកទៅលាយសាំងក្រអូប និងលាយសារធាតុផ្សេងៗជាដើម ប៉ុន្តែបើម្ចាស់អាជីវកម្មមានគំនិតមិនស្មោះត្រង់ទៅលាយលក់ជាអាល់កុល បានន័យថា លក់កុហកបោកប្រាស់គេហើយ ហើយសារធាតុនេះគ្រោះថ្នាក់ចំពោះសុខភាព ព្រមទាំងមិនអាចសម្លាប់មេរោគបានឡើយ។
មេគយរូបនេះ ក៏បានប្ដេជ្ញាថាកម្លាំងរបស់ខ្លួនបានធ្វើការម៉ត់ចត់ណាស់លើការនាំចេញ-ចូល គ្រប់ទំនិញ មិនឱ្យកើតមានបញ្ហាចំពោះសុខភាពពលរដ្ឋឡើយ ហើយក៏សំនូមពរប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្ន ចំពោះអ្នកលក់ដូរបោកបន្លំ ដោយយកសារធាតុមេតាណុល ទៅលក់បោកប្រាស់ថាជាអេតាណុល (អាល់កុល) នោះ៕