(បាត់ដំបង)៖ លោកបណ្ឌិត ប៊ុត គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០បានកោតសរសើរ និងវាយតម្លៃខ្ពស់ព្រមទាំងថ្លែងអំណរគុណដល់អ្នកសារព័ត៌មានក្នុងខេត្ត តែងបានសហការល្អ ជួយផ្សព្វផ្សាយព័ត៌មានពីសកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហម ខេត្តរហូតមក។
លោក សួស សុភ័ក្រ ហិរញ្ញឹកសាខាកាកបាទក្រហមកម្ពុជាខេត្តស្តីពីសកម្មភាពការងាររបស់សាខាចុះចែកអំណោយជាហូរហែររហូតមក ពិសេស នៅដើមខែមេសា ឆ្នាំ២០២០នេះ មានគ្រោះធម្មជាតិដោយខ្យល់កន្រ្តាក់ចំនួន ១៦លើក ប៉ះពាល់លើផ្ទះប្រជាពលរដ្ឋ ៧៩៨ខ្នង លើស្រុកចំនួន១០ ឃុំ-សង្កាត់ចំនួន ៤៤ត្រូវបាន សាខាកាកបាទក្រហមខេត្តនាំអំណោយ ចុះសួរសុខទុក្ខ និងចែកជូនជនរងគ្រោះដែលដឹកនាំដោយលោកបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង។
នាឱកាសនោះដែរលោកបណ្ឌិត ប៊ុត គឹមស៊ាន បានថ្លែងប្រាប់ដល់អ្នកសារព័ត៌មានក្នុងខេត្ត បន្ទាប់ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង បានធ្វើសកម្មភាពមនុស្សធម៌ជាប្រចាំកន្លងមក នាពេលថ្មីៗនេះពិភពលោកបានផ្ទុះឆ្លងជំងឺ COVID-19 ថ្មីមក សាខាយើងបានសហការជាមួយអាជ្ញាធរខេត្ត ក្រុង ស្រុកគ្រប់លំដាប់ថ្នាក់ ពិសេសក្រុមគ្រូពេទ្យ ដោយបាននាំអំណោយជាស្បៀង សំភារ: សាប៊ូ ម៉ាស និងទឹកអាល់កុលសម្រាប់លាងដៃជូនមន្ទីរពេទ្យ និងអ្នកផ្ទុកជំងឺ COVID-19 ទុកសម្រាប់ប្រើប្រាស់ផងដែរ។
លោកបណ្ឌិត ប៊ុត គឹមស៊ាន បានបញ្ជាក់ថា សកម្មភាពការងារមនុស្សធម៌ធ្វើទៅបានសម្រេចជោគជ័យ ក៏អាស្រ័យដោយមានការចូលរួមយ៉ាងសកម្មរបស់យើងទាំងអស់គ្នាផងដែរ ដោយបានចែកអំណោយមនុស្សធម៌ដល់ជនចាស់ជរា ជនក្រីក្រ ស្រ្តីមេម៉ាយ កុមារកំព្រា ជាដើម។
ជាក់ស្តែងនៅដើមខែមេសាឆ្នាំ២០២០ មានគ្រោះធម្មជាតិដោយ ខ្យល់កន្រ្តាក់ចំនួន១៦លើក ប៉ះពាល់លើផ្ទះប្រជាពលរដ្ឋ ៧៩៨ខ្នងលើស្រុកចំនួន១០ឃុំ.សង្កាត់ចំនួន៤៤ត្រូវបានសាខាកាកបាទក្រហមខេត្តនាំអំណោយចុះសួរសុខទុក្ខនិងចែកជូនជនរងគ្រោះបានទាន់ពេលវេលាផងដែរ។
លោក ប៊ុត គឹមស៊ាន បានបន្តថា ដោយសារមានថ្នាក់ដឹកនាំកំពូលមានការឈ្លាវៃដ៏ល្អគឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តែងតែយកចិត្តទុកដាក់ ដឹងសុខទុក្ខប្រជាពលរដ្ឋជួបការលំបាក និងបានជួយទាន់ពេលវេលារហូតមកក្នុងទឹកចិត្តមាតាមនុស្សធម៌កម្ពុជាបច្ចុប្បន្ន៕