Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ត្រីជំនាញផាកពិន័យ ២លានរៀល ពីម្ចាស់ស្ថានីយ៍ប្រេងឥន្ទនៈ៣ទីតាំង ក្នុងខេត្តតាកែវ ដែលលក់ខុសតម្លៃដែលក្រសួងពាណិជ្ជកម្មកំណត់

07-04-2020 18:34

(តាកែវ)៖ ស្ថានីយ៍ប្រេងសាំងចំនួន៣ នៅក្នុងស្រុកព្រៃកប្បាស់ និងស្រុកបាទី ខេត្តតាកែវ ដែលលក់ខុសពីសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ត្រូវបានមន្រ្តីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសហការជាមួយអាជ្ញាធពាក់ព័ន្ធក្នុងខេត្តតាកែវ ចុះទៅធ្វើការផាកពិន័យមួយស្ថានីយ៍ចំនួន ២លានរៀល។

លោក ប៉ោ លាងគង់ ប្រធានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» សាខាខេត្តតាកែវ បានថ្លែងឱ្យដឹងថា ក្នុងការចុះត្រួតពិនិត្យមើលពីតម្លៃប្រេងសាំង នៅតាមស្ថានីយ៍មួយចំនួន នៅស្រុកទាំង២ខាងលើ មន្រ្តីរបស់លោក និងអាជ្ញាធពាក់ព័ន្ធ បានរកឃើញ ដេប៉ូ និងស្ថានីយ៍ប្រេងសាំង ចំនួន៣ ដែលលក់តម្លៃខ្ពស់ ដែលខុសពីសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បន្ទាប់មកបានធ្វើកាផាកពិន័យ ក្នុង១ស្ថានីយ៍ ចំនួន២លានរៀល ព្រមទាំងបានឱ្យម្ចាស់ស្ថានីយ៍ទាំង៣ខាងលើ ធ្វើកិច្ចសន្យាដោយកែតម្រូវតម្លៃដែលដាក់លក់ ឱ្យត្រឹមត្រូវ ដោយស្របទៅតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្ម។

លោក ប៉ោ លាងគង់ ក៏បានអំពាវនាវឱ្យម្ចាស់ស្ថានីយ៍ ដេប៉ូប្រេងឥន្ទនៈទាំងអស់ នៅក្នុងខេត្តតាកែវ ត្រូវលក់ទៅការជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម ឱ្យបានត្រឹមត្រូវ និងត្រូវជៀសវាងការលក់ និងដាក់តម្លៃលក់ខុសពីក្រសួងដែលបានណែនាំ ហើយប្រសិនលើកក្រោយពេល ចុះមកត្រួតពិនិត្យម្ដងទៀតបើរកឃើញស្ថានីយ៍ ដែលបានផាកពិន័យម្ដងហើយ នៅតែបន្តលក់ខុសពីសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នឹងបញ្ជូនសំណុំរឿងបញ្ចូនទៅតុលាការ ដើម្បីបិតស្ថាននីយ៍ ឬដេប៉ូប្រេងឥន្ទនៈនោះ មិនឱ្យលក់តទៅទៀតនោះទេ៕