(ប៉ៃលិន)៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន បានអនុញ្ញាតឲ្យលោក ឡេ ទន់ខាញ់ អគ្គកុងស៊ុល នៃសាធារណៈរដ្ឋសង្គមវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ចូលជួបសំដែងគួរសម នៅសាលាខេត្តប៉ៃលិន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការមិត្តភាព សាមគ្គីភាព រវាងកម្ពុជា-វៀតណាម ឱ្យកាន់តែល្អប្រសើឡើងថែមទៀត។
លោក ឡេ ទន់ខាញ់ អគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់ដំបង បានលើកឡើងថា ការអញ្ជើញមកខេត្តប៉ៃលិននៅពេលនេះ ដើម្បីចូលជួបសំដែងការគួរសម ប្រកបដោយភាពស្និតស្នាល មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំង២។
ក្នុងឱកាសនោះដែរ លោកបានកោតសរសើររដ្ឋបាលខេត្តប៉ៃលិន និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយចាប់ពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតមកដល់បច្ចុប្បន្ននេះ ព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយ ប្រទេសដែលខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស។
ឆ្លើយតបក្នុងជំនួបនេះដែរ លោក ផាន់ ចាន់ធុល ក៏បានសម្តែងនូវការស្វាគមន៍ បដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់ដោយក្តីរីករាយ និងថ្លែងការកោតសរសើរ ចំពោះបេសកកម្មការទូតរបស់ ស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ នៅខេត្តបាត់ដំបង ដែលកន្លងមកមានស្នាដៃ ក្នុងការទំនាក់ទំនង កិច្ចសហប្រតិបត្តិការបានល្អ និងគាំទ្រយ៉ាងពេញទំហឹង ក្នុងការពង្រឹងនូវកិច្ច សហប្រតិការ ល្អលើគ្រប់វិស័យយ៉ាងស្អិតរមួតរវាងរដ្ឋបាលខេត្តប៉ៃលិន និងស្ថានអគ្គកុងស៊ុលវៀតណាម ប្រចាំភូមិភាគ៥ ក៏ដូចជាបន្តការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង២ (កម្ពុជា-វៀតណាម) លើគ្រប់វិស័យផងដែរ។
លោកអភិបាលខេត្ត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោសែន បានធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមមាន ៖ផ្លូវ សាលារៀន មន្ទីរពេទ្យ ភ្លើងអគ្គីសនី ប្រឡាយទឹក និងវត្តអារាមជាដើម ជាពិសេសកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសនានា នៅលើសកលលោក ដែលផ្តល់នូវកាលានុវត្តិភាព លើគ្រប់វិស័យ។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៏បានជូនពរដល់លោក ឡេ ទន់ខាញ់ និងក្រុមគ្រួសារ ព្រមទាំងសហការី ដែលបាននឹងកំពុងបំពេញ បេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសុខភាពល្អ និងសម្រេចបានជោគជ័យ គ្រប់ភារកិច្ច ដែលបក្ស និងរដ្ឋប្រគល់ជូន៕