(កំពង់ស្ពឺ)៖ នារសៀលថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០ ស្ពានថ្មដែលមានតម្លៃជាង ៨០ម៉ឺនដុល្លារ ដែលជាស្ពានឆ្លងស្ទឹងព្រែកត្នោតមានឈ្មោះស្ពានសែនជ័យ ត្រូវបានដាក់ឲ្យដំណើរការ ក្រោមអធិបតី លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមជាមួយមន្ត្រីរាជការ និងមន្ត្រីជំនាញជាច្រនរូបផងដែរ។
មន្រ្តីសាលាខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ស្ពាននេះកសាងឡើងសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ទូទៅ ជាពិសេសពលរដ្ឋរស់ ក្នុងភូមិសាស្ត្រ ឃុំរស្មីសាមគ្គីហោងសំណំ ត្រង់ចំណុចអន្លង់កំប៉ែន ឃុំរស្មីសាមគ្គី ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់ក្រុមហ៊ុន ដាន ហេង ខូអិលធីឌី ផ្តល់ជូនប្រជាពលរដ្ឋដឹកជញ្ជូនកសិផលប្រកបអាជីវកម្មចញ្ចឹមជីវិត។
អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា សុំឲ្យពលរដ្ឋអាស្រ័យផ្លូវថ្នល់ ក៏ដូចជាស្ពាននាំគ្នាចូលគោរពច្បាប់ចរាចរណ៍ និងនាំគ្នាថែរក្សាសម្បត្តិសាធារណៈរបស់រដ្ឋ ជាពិសេសមេត្តាកុំដឹកលើសទម្ងន់ ដែលនាំឲ្យស្ពាន-ផ្លូវខូចខាតជាទម្ងន់នាពេលកន្លងមក។
លោកអភិបាលខេត្តសង្កត់ធ្ងន់ថា «យើងជាពលរដ្ឋ ត្រូវចេះស្រឡាញ់ទ្រព្យសម្បត្តិជាតិឲ្យដូចជារបស់ខ្លួនយើង ជាពិសេសត្រូវក្រើនរំលឹកបងប្អូន កូន ចៅ ឲ្យគ្នាថែរក្សា ស្ពាន-ផ្លូវ និងសម្បត្តិជាតិសំខាន់ៗសម្រាប់កូន ចៅយើងជំនាន់ក្រោយផងដែរ»៕