(ភ្នំពេញ)៖ ដោយសារបច្ចុប្បន្ននេះការរាតត្បាតពីវីរុសប្រភេទថ្មី Covid-19 បានធ្វើឱ្យសាលារៀននានាត្រូវបានផ្អាកដំណើរការដូចធម្មតា ក្រុមហ៊ុនមួយចំនួន ក៏បានជំរុញ ឱ្យបុគ្គលិករបស់ខ្លួនធ្វើការនៅផ្ទះ ដែលជាកង្វល់ធំមួយក្នុងការប្រាស្រ័យទាក់ទងគ្នា ហើយដើម្បីជៀសវាងការអាក់ខានក្នុងការបំពេញការងារ ឬកម្មវិធីសិក្សា សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បានសម្រេចដាក់ឱ្យប្រើប្រាស់កម្មវិធី Google Meet ដើម្បីបំពេញការងារ និងកម្មវិធីសិក្សាបានយ៉ាងរលូន។
កម្មវិធី Google Meet គឺជាកម្មវិធីប្រើប្រាស់ក្នុងការទំនាក់ទំនងដោយផ្តិតយកទាំងសកម្មភាព និងសំលេងរបស់សមាជិកដែលចូលរួមក្នុងអង្គប្រជុំជាវីឌីអូតាម អនឡាញ ឬ តាមប្រព័ន្ធអ៊ីនធើណែត មិនថាសមាជិកនៅកន្លែងណានោះទេ។ អ្នកអាចប្រើប្រាស់ Google Meet សម្រាប់ការប្រជុំអនឡាញ ឬសម្រាប់ការធ្វើបទបង្ហាញមេរៀនផ្សេងៗ ដោយឥតគិតថ្លៃ រហូតដល់ខែកក្កដា ឆ្នាំ២០២០។
Google Meet មានភាពងាយស្រួលក្នុងប្រើប្រាស់សម្រាប់ការប្រជុំ ធ្វើបទបង្ហាញ ឬបង្រៀនអញឡាញ។ សមាជិកអាចចូលរួមបាន២៥០នាក់ ដោយឥតគិតថ្លៃ។ កម្មវិធីនេះមានមុខងារល្អៗដូចជា៖ ការធ្វើបទបង្ហាញពីអេក្រង់ «Presentation from screen»,ការថតទុកសកម្មភាពនៃអង្គប្រជុំ «Meeting recording» ដែលអាចរក្សាទុកក្នុង Google Drive ហើយអាចចែកបន្តដល់អ្នកចូលរួមប្រជុំសម្រាប់ទុកមើលពេលក្រោយ, ចំណងជើង «Caption» (បង្កើតចំណងជើងរង «subtitle» ក្នុងពេលកំពុងនិយាយ ជួយសម្រួលដល់ការបង្រៀន ឬ អង្គប្រជុំនានា), ការផ្ញើសារជជែកពិភាក្សា និងសារជាសំលេង «Chat and Audio»។
សូមចូលទៅកាន់តំណនៃវីឌីអូបង្រៀនខ្លីផលិតដោយសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ដែលបានចែករំលែកពីរបៀបប្រើប្រាស់ Google Meet សម្រាប់ការប្រជុំអនឡាញ ឬសម្រាប់ការធ្វើបទបង្ហាញខាងក្រោមនេះ៖ https://www.facebook.com/ParagonIUknowledgetips/videos/209236940292006 ៕