(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ជុំវិញបញ្ហាវីរុសកូវីដ១៩ សាលាអន្តរជាតិផារ៉ាហ្គន បានអនុវត្តគោលការណ៍បង្រៀនសិស្ស និស្សិត តាមអនឡាញ ដែលបានអនុវត្តន៍ការបង្រៀននេះ ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០មក ដោយបានដំណើរការយ៉ាងរលូន និងជោគជ័យផងដែរ។
ការសិក្សាតាម អនឡាញ គឺត្រូវបានអនុវត្តទៅតាមកាលវិភាគសិក្សាធម្មតា របស់សិស្សនៅក្នុងថ្នាក់រៀនផងដែរ ហើយដើម្បីកាត់បន្ថយបញ្ហានានា ពាក់ព័ន្ធនឹងការរៀន និងបង្រៀន ភាគីខាងសាលា បានខិតខំធ្វើយ៉ាងណា ដើម្បីដោះស្រាយបញ្ហាបច្ចេកទេស និងភ័ស្តុភារកម្ម ព្រមទាំងផ្ដល់នូវព័ត៌មានទាន់ហេតុការណ៍ជុំវិញការវិវឌ្ឍទាំងនេះ។ ហើយការទទួលបានជោគជ័យលើការសិក្សាពីចម្ងាយនេះ គឺអាស្រ័យទៅលើរចនាសម្ព័ន្ធនៃការរៀន -បង្រៀនល្អ និងការបន្តភាពជាដៃគូ រវាងសាលារៀន មាតាបិតា និងសិស្សានុសិស្សផ្ទាល់ផងដែរ។
តាមរយៈការសហការរួមគ្នារវាងគ្រូបង្រៀន ការគាំទ្ររបស់មាតាបិតា និងការចូលរួមលើការសិក្សារបស់សិស្សយ៉ាងសកម្ម ការសិក្សាពីចម្ងាយនេះគឺជាមធ្យោបាយមួយ ដើម្បីធានាបាននូវការបន្តអភិវឌ្ឍលើការអប់រំ និងសមិទ្ធផលលើការសិក្សារបស់សិស្សានុសិស្ស ខណៈពេលដែលស្ថានភាពបច្ចុប្បន្ននេះ កំពុងស្ថិតក្នុងគ្រាដ៏លំបាក ដែលមិនអាចចៀសផុតបាន។
ការណែនាំអំពីកម្មវិធីសិក្សា ពីចម្ងាយរបស់សាលារៀនអន្តរជាតិផារ៉ាហ្គន គឺមានក្នុងតំណភ្ជាប់នេះ៖ https://www.paragonisc.edu.kh/parent-guidance-on-distance-learning/ ៕