(ឧត្តរមានជ័យ)៖ ដើម្បីបង្ការការចម្លង និងការរីករាលដាលនៃជំងឺកូវីដ១៩នោះ ប្រជាពលរដ្ឋខ្មែរនៅក្នុងខេត្តឧត្តរមានជ័យជិត៤ពាន់ ត្រូវបានរៀបចំដាក់ឱ្យនៅដាច់ដោយឡែករយៈពេលប្រមាណ១៤ថ្ងៃ។ ក្នុងនោះប្រជាពលរដ្ឋប្រមាណ ៧០០នាក់ នៅក្នុងស្រុកអន្លង់វែង និងត្រពាំងប្រាសាទ ក្រោយដាក់នៅដាច់ដោយឡែក១៤ថ្ងៃ មិនមាននរណាម្នាក់កើតជំងឺកូវីដ១៩នោះទេ។
បើទោះបីជាយ៉ាងណាលោកទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ នៅតែបន្តជំរុញឱ្យថ្នាក់ដឹកនាំ និងក្រុមការងារចុះជួយខេត្តឧត្តរមានជ័យ យកចិត្តទុកដាក់រៀបចំដាក់ពលរដ្ឋមកពីថៃឱ្យនៅដាច់ដោយឡែក ដើម្បីចៀសផុតពីការចម្លង និងការរីករាលដាលជំងឺកូវីដ១៩។
នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ ដើម្បីស្រាវជ្រាវរកប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅតាមបណ្តាស្រុកទាំង៥ និងរិះរកនូវវិធានការដោះស្រាយបញ្ហាប្រឈមនានា។
ក្នុងកិច្ចប្រជុំនេះលោកទេសរដ្ឋមន្ត្រី គន់ គីម បានណែនាំថ្នាក់ដឹកនាំ មន្ត្រី អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងក្រុមការងារចុះជួយខេត្ត ត្រូវបន្តយកចិត្តទុកដាក់ចំពោះទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឱ្យមន្ត្រី និងក្រុមការងារប្រឹងប្រែងគ្រប់លទ្ធភាព ដើម្បីដោះស្រាយបញ្ហាលំបាកកំពុងកើតមាន និងប្រឈមទៅថ្ងៃខាងមុខ។
លោកទេសរដ្ឋមន្ត្រី ក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់បន្តតាមដានត្រួតពិនិត្យពលរដ្ឋនៅតាមភូមិឃុំនានា ទើបត្រឡប់មកពីថៃ និងណែនាំឱ្យពួកគាត់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ថាជាលទ្ធផលរហូតមកដល់ថ្ងៃនេះ ពលរដ្ឋប្រមាណ ៧០០នាក់ ក្នុងស្រុកអន្លង់វែង និងត្រពាំងប្រាសាទ មិនមាននរណាម្នាក់កើតមានជំងឺកូវីដ១៩នោះទេ។
បើទោះបីជាយ៉ាងណា ដើម្បីបង្កាមិនឱ្យមានការចម្លងជំងឺកូវីដ១៩ ពីពលរដ្ឋមកពីថៃទៅក្រុមគ្រួសារ និងក្នុងសហគមន៍នោះ លោកទេសរដ្ឋមន្ត្រី បានជំរុញឱ្យក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ត្រូវយកចិត្តទុក្ខដាក់ក្នុងការចុះវាស់កម្តៅប្រជាពលរដ្ឋមកពីថៃនោះ និងណែនាំឱ្យពួកគាត់ដែលទើបត្រលប់មកពីថៃសូមរស់នៅដាច់ដោយឡែកពីក្រុមគ្រួសាររយៈពេល១៤ថ្ងៃសិន។
សូមបញ្ជាក់ថា ពលរដ្ឋខ្មែរនៅក្នុងខេត្តឧត្តរមានជ័យ ដែលទើបត្រឡប់មកពីប្រទេសថៃមានជិត៤ពាន់នាក់។ ពលរដ្ឋមកពីថៃទាំងនេះ ត្រូវបានអាជ្ញាធររៀបចំដាក់ឱ្យដាច់ដោយឡែក ដើម្បីធ្វើឱ្យប្រាកដថា ពួកគេគ្មានជំងឺកូវីដ១៩ និងមិនមានការចម្លងទៅក្រុមគ្រួសារ និងពលរដ្ឋក្នុងភូមិ៕