(កំពង់ធំ)៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកសណ្តាន់ ខេត្តកំពង់ធំ បានបន្តចុះផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅ ក្នុងស្រុកសណ្តាន់ អំពីវិធីសាស្រ្តក្នុងការពារ និងទប់ស្កាត់នៃមេរោគកូវីដ១៩ ដែលកំពុងរីករាលដាលលើពិភពលោក គួរជាការកត់សម្គាល់ខ្ពស់ផងដែរ។
ក្រៅពីការចុះផ្សព្វផ្សាយអំពីវិធីសាស្រ្ត នៃការទប់ស្កាត់របស់ក្រុមការងារថ្នាក់ជាតិទាំងអស់នេះ ក៏មានការចែកជាសម្ភារមួយចំនួន ដើម្បីឲ្យប្រជាពលរដ្ឋធ្វើការពារ និងទប់ស្កាត់។
ការបន្តចុះផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋអំពីវិធីសាស្ត្រការពារ និងទប់ស្កាត់នៃការវីករាលដាល់នៃវីរុស១៩ របស់ក្រុមការងារថ្នាក់ជាតិ ក្នុងស្រុកសណ្តាន់ ខេត្តកំពង់ធំនេះ ធ្វើឡើងក្រោមការដឹកនាំពីលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសណ្ដាន់ ខេត្តកពង់ធំ និងលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តកំពង់ធំ។
ឱកាសនោះ លោក លេង ផាលី ក៏បានណែនាំដល់ប្រជាពលដ្ឋអំពីវិធីសាស្ត្រមួយចំនួនដើម្បីធ្វើយ៉ាងណាឲ្យគេចផុតពីការឆ្លងនៃវីរុសសាហាវនេះ គឺជំហានដំបូងលោកក៏បានណែនាំដល់ប្រជាពលរដ្ឋ កុំមានការភិតភ័យ និងស្លន់ស្លោជាមួយនឹងមេរោគនេះ ព្រោះមេរោគប្រភេទនេះគឺពិតជាមានការងាយស្រួលក្នុងការកំចាត់ ដោយគ្រាន់តែបងប្អូនប្រជាពលរដ្ឋ ត្រូវមានអនាម័យស្អាតជានិច្ច ជាមួយនឹងការលាងដៃជាមួយសាប៊ូ ឲ្យបានត្រឹមត្រូវ ទៅតាមក្រសួងសុខាភិបាលបានដផ្សព្វផ្សាយ។
ជាងនេះទៅទៀត លោករដ្ឋលេខាធិការរូបនេះ ជួបសំណេះសំណាលជាមួយបងប្អូនដែលជាពលករមកពីប្រទេសថៃ ហើយលោកក៏បានអំពាវនាវដល់ពលករដែលមកពីប្រទេសថៃ ឬក្រៅប្រទេស មេត្តាដាក់ខ្លួនឯងឲ្យនៅឆ្ងាយពីគ្រួសារឲ្យបានយ៉ាងតិច១៤ថ្ងៃ ដើម្បីការពារនៃការឆ្លងមេរោគប្រភេទនេះ។
សូមបញ្ជាក់ផងដែរ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសណ្តាន់ដឹកនាំដោយលោក លេង ផាលី ព្រមក្រុមការងារទាំងអស់ បាននាំយកនូវសម្ភារមួយចំនួនរួមមាន៖ ១៖ ក្រម៉ា ចំនួន១៥០, ២៖ អាល់កុលចំនួន៥កាន ស្មើ ១៥០លីត្រ, ៣៖ ម៉ាស ១០ប្រអប់, ៤៖ សាប៊ូ លាងដៃ ចំនួន៤កេស ស្មើ៣២០កញ្ចប់, ៥៖ ម៉ាស៊ីន វ៉ាស់កំដៅ ១គ្រឿង។
ជាមួយគ្នានោះដែរ លោក សៅ សុភាព បាននាំយកអំណោយសម្រាប់ចែកជូនរដ្ឋបាលស្រុកសណ្តាន់ ដែលមាន៩ឃុំ ដើម្បីយកទៅប្រើប្រាស់ការងារផ្សព្វផ្សាយ ចែកជូនរដ្ឋបាលស្រុកសណ្តាន់រួមមាន៖១៖ ក្រម៉ា ចំនួន៣០០, ២៖ សាប៊ូដុំ ចំនួន៧០០ដុំ។ លោក ក៏បានចុះជួបសំណេះសំណាលជាមួយពលករមកពីប្រទេសថៃ នៅភូមិរវៀង ភូមិស្វាយ ឃុំងន ចំនួន៤នាក់ ព្រមទាំងបានណែនាំនូវវិធានការមួយចំនួន អំពីការដាក់ខ្លួន អោយដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដោយត្រូវសហការជាមួយអាជ្ញាធរស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
សូមជម្រាបផងដែរ ក្រសួងសុខាភិបាលបានដាក់ចេញនូវគោលការណ៍អនាម័យស្អាតមួយចំនួន ដើម្បីការពារនិងទប់ស្កាត់ពីវិរុសកូវីដ១៩ ដែលរួមមានដូចជា៖
១៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធជាមួយអ្នកមានជំងឺផ្លូវដង្ហើមស្រួច ឬអ្នកជំងឺដែលសង្ស័យ។
២៖ លាងដៃឲ្យបានញឹកញាប់ (ជាមួយសាប៊ូ និងទឹកស្អាត) ជាពិសេសបន្ទាប់ពីប៉ះពាល់ដោយផ្ទាល់ជាមួយអ្នកជំងឺ ឬបរិស្ថានជុំវិញគាត់។
៣៖ ចៀសវាងប៉ះពាល់ជិតស្និទ្ធ ឬទៅទីផ្សារ ឬកសិដ្ឋានដែលមានសត្វរស់ ឬសត្វព្រៃ ឬកន្លែងដែលគេដឹងថាមានវីរុសកំពុងចរាចរ។ ចាំបាច់ ត្រូវលាងដៃឲ្យបានទៀងទាត់មុនពេល និងបន្ទាប់ពីការប៉ះពាល់សត្វ ឬវត្ថុផ្សេងៗ ដែលអាចជាប្រភពចម្លងរោគ។
៤៖ ប្រកាន់ខ្ជាប់នូវការអនុវត្តន៍អនាម័យស្អាត និងសុវត្ថិភាពម្ហូបអាហារល្អ ដូចជា ពិសារអាហារដែលចំអិនឆ្អិនល្អ ជាពិសេស សាច់ និងស៊ុត។
៥៖ អ្នកមានរោគសញ្ញាជំងឺផ្លូវដង្ហើមស្រួច ត្រូវខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់ ដោយកន្សែង ក្រម៉ា ឬក្រដាសជូតមាត់។
៦៖ ត្រូវប្រកាន់យកនូវអនាម័យដៃស្អាត និងអនាម័យផ្លូវដង្ហើម (ខ្ទប់មាត់និងច្រមុះនៅពេលក្អកឬកណ្តាស់, លាងដៃបន្ទាប់ពីមានប៉ះជាមួយទឹករំអិលពីផ្លូវដកដង្ហើម និងរក្សាចម្ងាយច្រើនជាង១ម៉ែត្រពីបុគ្គលដែលមានរោគសញ្ញាផ្លូវដង្ហើមស្រួចស្រាវ ជាដើម)។
៧៖ បុគ្គលិកសុខាភិបាលដែលផ្តល់ការថែទាំអ្នកជំងឺត្រូវប្រកាន់ខ្ជាប់នូវវិធានការណ៍បង្ការការចម្លងរោគ ក្នុងគ្រឹះស្ថានសុខាភិបាលឲ្យបានហ្មត់ចត់និងត្រឹមត្រូវតាមបច្ចេកទេសសុខាភិបាល ដើម្បីចៀសវាងការឆ្លងជំងឺនេះមកបុគ្គលខ្លួនឯង។
៨៖ ប្រសិនបើមានសង្ស័យថា ឆ្លងជំងឺរលាកសួតដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ ដោយមានរោគសញ្ញាដូចជា គ្រុនក្តៅលើសពី ៣៨ អង្សាសេ និងមានរោគសញ្ញាមួយយ៉ាងតិចក្នុងចំណោម ក្អក ហូរសំបោរ ឈឺបំពង់ក ដង្ហើមខ្លី និងពិបាកដកដង្ហើម និងមានប្រវត្តិធ្វើដំណើរមកពីប្រទេសចិន ដោយបានប៉ះពាល់ជាមួយអ្នកជំងឺផ្លូវដង្ហើម ប៉ះពាល់ជាមួយសត្វឈឺ ក្នុងអំឡុង១៤ថ្ងៃមុនចេញរោគសញ្ញា ឬដោយបានប៉ះពាល់ជាមួយអ្នកស្លាប់ដោយសារ ជំងឺផ្លូវដង្ហើមស្រួចស្រាវមិនដឹងអំពីអត្តសញ្ញាណ (ប្រភេទមេរោគ) ច្បាស់លាស់ ត្រូវប្រញាប់រាយការណ៍ទៅលេខទូរស័ព្ទទាន់ហេតុការណ៍១១៥៕