(កំពង់ស្ពឺ)៖ លោក លី សុន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកឧដុង្គ និងលោក ឡាយ វិច្ឆិកា សមាជិកក្រុមការងារថ្នាក់ជាតិ របស់គណបក្សប្រជាជនចុះជួយខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២០នេះ បានចុះជួយអប់រំ ផ្សព្វផ្សាយ អំពីការការពារជំងឺ Covid-19 ដល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះស្ថិតក្នុងឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះ ក្រុមការងារ ក៏បាននាំយកនូវសម្ភារមួយចំនួនរួមមាន៖ ក្រមា សាប៊ូដុំ សាប៊ូម្សៅ ទៅជូនប្រជាពលរដ្ឋចំនួន៣០គ្រួសារនៅក្នុងឃុំត្រាចទងនេះផងដែរ។
ក្រុមការងារ បានណែនាំបងប្អូនប្រជាពលរដ្ឋអំពីផលប៉ះពាល់ និងបង្ការ ទប់ស្កាត់ ការរាតត្បាតនៃជំងឺ Covid-19 ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ ទន្ទឹមនឹងនោះដែរ ក្រុមការងារ ក៏បានអំពាវនាវឲ្យបងប្អូន គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ និងរស់នៅស្អាតគ្រប់ពេលវេលា ដើម្បីគ្រប់គ្នាចាកផុតពីជំងឺ Covid-19៕