(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការប្រឆាំងជំងឺកូវីដ១៩ ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនឹងលោក លោកស្រី អភិបាលរងខេត្ត នៅរសៀលថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២០ បានទទួលថវិកាចំនួនជាង ១៦លានរៀល ពីមន្ត្រីរាជការនៃសាលាខេត្តកំពង់ចាម ដែលបានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ១៩ ដើម្បីរួមគ្នា បង្ការទប់ស្កាត់ការរីករាលដាលវីរុសកូរ៉ូណា (កូវីដ១៩)។
សូមរំលឹកថា ដោយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងសុខាភិបាលផងនោះ រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចរៀបចំកន្លែងព្យាបាលអ្នកជំងឺ កូវីដ១៩ ចំនួន ៤កន្លែង ក្នុងក្រុងកំពង់ចាមរួមមាន៖
*ទី១៖ មន្ទីរពេទ្យខេត្ត ចំនួន២អគារ មាន១៤បន្ទប់ ស្មើចំនួន៦២គ្រែ (អ្នកជំងឺកំពុងសម្រាកព្យាបាល)
*ទី២៖ សណ្ឋាគារមេគង្គ មានចំនួន៧១ បន្ទប់ ស្មើចំនួន១៤២គ្រែ
*ទី៣៖ សាលាគរុកោសល្យភូមិភាគ មានអគារអន្តេវេសិកដ្ឋានមាន ៤០បន្ទប់ ស្មើចំនួន១២០គ្រែ ក្រុមការងារបានរៀបចំបំពាក់សំភារ:បន្ទប់ទឹក ប្រព័ន្ធអគ្គីសនី ទឹកស្អាត និងគ្រែអ្នកជំងឺ
*ទី៤៖ អគារសាលារៀនចំនួន២អគារ មាន ចំនួន៥៤បន្ទប់ ស្មើចំនួន៤៣២គ្រែ ក្រុមការងារបានរៀបចំសំអាត និងបំពាក់សំភារៈបន្ថែម។ សរុបចំនួន៤អគារ មានបន្ទប់ចំនួន១៧៩បន្ទប់ ស្មើចំនួន៧៥៦ គ្រែ ដោយទីតាំងធំទូលាយមានខ្យល់អា កាសចេញចូល គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុកភាពផងដែរ៕