Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តស្វាយរៀង ជ្រើសរើសផ្ទះសំណាក់ «គ្រូបង្រៀន» ត្រៀមបម្រុងទុកបន្ថែមសម្រាប់ព្យាបាល និងដាក់ឱ្យនៅដាច់ដោយឡែក ក្នុងករណីមានអ្នកកើតជំងឺ COVID-19

07-04-2020 16:18

(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីត-១៩ (COVID-19) ខេត្តស្វាយរៀង នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យទីតាំងផ្ទះសំណាក់ «គ្រូបង្រៀន» ស្ថិតនៅក្នុងក្រុងស្វាយរៀង ដែលរដ្ឋបាលខេត្តបានជ្រើសរើសជាទីតាំងត្រៀមបម្រុងទុកបន្ថែម សម្រាប់ទទួលព្យាបាល និងដាក់ឱ្យនៅដាច់ដោយឡែកក្នុងករណីមានអ្នកកើតជំងឺ កូវីដ១៩ នៅក្នុងខេត្តស្វាយរៀង។

លោកអភិបាលខេត្ត បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ក្រោមការយកចិត្តទុកដាក់អនុវត្តយ៉ាងម៉ឺងម៉ាត់ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសមានការចូលរួមគាំទ្រពីគ្រប់សមាសភាពភាពទាំងលោក និងអ្នកតំណាងរាស្ត្រ សមាជិកព្រឹទ្ធសភា ក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋាន កងកម្លាំង មន្ត្រីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានធ្វើឱ្យស្ថានភាពនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងខេត្តដំណើរការយ៉ាងល្អប្រសើរ ហើយអាចទប់ស្កាត់បាននូវការឆ្លងជំងឺ ដ៏កាចសាហាវនេះ។

លោក ម៉ែន វិបុល បានលើកឡើងថា បើទោះបីជាយ៉ាងណាក៏ដោយ ការប្រុងប្រយ័ត្នក៏នៅតែមាន ហើយការសម្រេចជ្រើសរើសទីតាំងផ្ទះសំណាក់ «គ្រូបង្រៀន» នេះ គឺជាវិធានការបន្ថែម ដើម្បីចូលរួមចំណែកឱ្យបានគត់មត់ថែមទៀត ក្នុងកិច្ចការបង្ការ ទប់ស្កាត់ការរីករាលនៃជំងឺកូវីដ១៩ ព្រោះថាស្ថានភាពជារួមនៃការវិវត្តន៍របស់ជំងឺកូវីដ១៩ នៅក្នុងប្រទេសរបស់យើង គឺនៅតែជាប្រឈមនៅឡើយ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត ក៏បានស្នើដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអង្គភាពរដ្ឋាករទឹក និងអគ្គិសនី ជាបឋមត្រូវរៀបចំកែលម្អ និងត្រួតពិនិត្យឡើងវិញ នូវប្រព័ន្ធទឹក និងប្រព័ន្ធភ្លើងនៅទីតាំងនេះ ដើម្បីបំពេញបន្ថែមក្នុងករណីចាំបាច់ សម្រាប់ផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់ ឆ្លើយតបតម្រូវការដែលអាចប្រើប្រាស់នាពេលខាងមុខ៕