(ភ្នំពេញ)៖ សម្ភារបរិក្ខារវីដេអូសន្និសីទ (Cloud-link Video Conference System Live Experience and Free Communication) គិតជាថវិកា១០ម៉ឺនដុល្លារ និងម៉ាសចំនួន១០ម៉ឺនទៀត អំណោយពីក្រុមហ៊ុន Huawei Tehnologies Cambodia ត្រូវបានប្រគល់ជូនដល់ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ។
ពិធីប្រគល់-ទទួលសម្ភារបរិក្ខារវីដេអូសន្និសីទ (Cloud-link Video Conference System Live Experience and Free Communication) និងម៉ាសចំនួន១០ម៉ឺននេះ បានធ្វើឡើងក្រោមអធិបតីភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង និងឯកអគ្គរដ្ឋទូតនៃសាធារណរណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា លោក វ៉ាង វិនទៀង (Wang Wentian) នាទីស្តីការក្រសួងសុខាភិបាល។
សម្រាប់សម្ភារ បរិក្ខារវីដេអូសន្និសីទនេះ សម្រាប់ដាក់នៅទីតំាងបីកន្លែង គឺ ទីស្ដីការក្រួសួងសុខាភិបាល មន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។
រដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងថា ឧបករណ៍ទាំងនេះបានដើរតួនាទីដ៏សំខាន់សម្រាប់បម្រើឱ្យការទប់ស្កាត់ និងការឆ្លើយតបការរាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)។
ជំនួយមនុស្សធម៌របស់ក្រុមហ៊ុន គឺសម្រាប់ប្រើប្រាស់ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ននៃវីរុសកូវីដ១៩នេះ។
ជាពិសេសចូលរួមចំណែកពង្រឹងសមត្ថភាពឆ្លើយតបបន្ទាន់ មិនត្រឹមតែចំពោះបញ្ហា COVID-19 បច្ចុប្បន្ននេះប៉ុណ្ណោះទេ តែវានឹងត្រូវបានប្រើប្រាស់ នៅពេលណាដែលមានការផ្ទុះការរាតត្បាតនៃជំងឺឆ្លងផ្សេងៗនាពេលអនាគត ព្រមទាំងចូលរួមចំណែកលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនកម្ពុជា។
ក្នុងឱកាសនោះផងដែរ រដ្ឋមន្ត្រី ម៉ម ប៊ុនហេងក៏បានថ្លែងអំណរគុណ និងសង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុនខាងលើនេះ នឹងផ្តល់ជំនួយមនុស្សធម៌ជាបន្តបន្ទាប់ទៀត ក្នុងពេលដ៏ឆាប់ខាងមុខនេះ ដើម្បីកម្ពុជាជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃជំងឺកូវីដ១៩ ឱ្យទទួលបានជោគជ័យ។
សូមជម្រាបថា នៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបន្តប្រកាសនូវដំណឹងល្អ ជូនប្រជាពលរដ្ឋថា អ្នកជំងឺកូវីដ១៩៥នាក់ថ្មីទៀត បានជាសះស្បើយ ធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនឡើងរហូតដល់៥៨នាក់ ហើយរកឃើញករណីឆ្លងតែម្នាក់ប៉ុណ្ណោះ។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥៧នាក់ នៃអ្នកឆ្លងសរុប១១៥នាក់៕