(ភ្នំពេញ)៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន ដោយសារការរាតត្បាត នៃជំងឺកូវីដ១៩ មានលទ្ធភាពត្រឹមតែ ០.១%ប៉ុណ្ណោះ។
ថ្លែងក្នុងសន្និសីទព័ត៌មានពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ នៅវិមានសន្តិភាព នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ការប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន លុះត្រាប្រទេសជាតិស្ថិតក្នុងកម្រិតមួយ ដែលនិយាយគ្នាលែងស្តាប់។
ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា៖ «ទាក់ទិននឹងការប្រកាសអាសន្ន តើស្ថានភាពបែបណាដែលប្រកាស? ពូគិតថា ស្ថានភាពកូវីដនេះ ប្រហែលជាមិនអាច លទ្ធភាពមានត្រឹមតែ ០.១% ប៉ុណ្ណោះ ជាលទ្ធភាពនៃការប្រកាសអាសន្នដោយកូវីដ ដាក់ប្រទេសក្នុងគ្រាមានអាសន្ន។ អញ្ចឹងលទ្ធភាពវាតិចណាស់ ប៉ុន្តែទោះបីជាតិចយ៉ាងណាក៏ដោយ ក៏ត្រូវមានឧបករណ៍ច្បាប់ក្នុងដៃ ក្រែងល 0.១% វាលេចឡើង។ បើលេចឡើង យើងត្រូវតែដាក់វានៅក្នុងស្ថានភាពមានអាសន្ន ព្រោះការអំពាវនាវដែលមិនអាចធ្វើទៅរួច ជម្រើសដែលនៅសេសសល់ គឺប្រកាសច្បាប់គ្រាមានអាសន្ន ដើម្បីយើងគ្រប់គ្រងសភាពការណ៍ក្នុងរយៈពេលណាមួយ»។
បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ទោះបីលទ្ធភាពដែលធ្វើការប្រកាសដាក់ប្រទេសស្ថិតក្នុងភាពអាសន្នតិចមែន ប៉ុន្តែយ៉ាងណាក៏ដោយ សម្តេចជំរុញកុំឲ្យមានចន្លោះប្រហោង អំពីផ្លូវច្បាប់ឲ្យសោះ ព្រោះការប្រកាសដាក់ប្រទេសស្ថិតក្នុងភាពមានអាសន្ន ធ្វើឲ្យកាត់សិទ្ធិពលរដ្ឋ ប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ច និងប៉ះពាល់ដល់បញ្ហាជាច្រើនទៀត។
តាមការយល់ឃើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ការប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្ន ត្រូវធ្វើឡើងដោយព្រះមហាក្សត្រតែប៉ុណ្ណោះ ចំពោះការលើកឡើងថា ប្រមុខរដ្ឋស្តីទីអាចនឹងប្រកាសដាក់ប្រទេសក្នុងភាពមានអាសន្ននោះ គឺទាល់តែមានការបកស្រាយផ្លូវច្បាប់ ពីក្រុមប្រឹក្សាធម្មនុញ្ញ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចនឹងចេញនៅក្រោយចូលឆ្នាំខ្មែរ។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន មាន៥ជំពូក និង១១មាត្រា ដែលរៀបចំដោយ រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានបញ្ជូនទៅដល់រដ្ឋសភា នៅល្ងាចថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០។ សេចក្តីព្រាងច្បាប់នេះ នឹងផ្តល់ជាមូលដ្ឋានគតិយុត្ត ដើម្បីធានាដល់ការអនុវត្តមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញ និងជាមូលដ្ឋានគតិយុត្តកំណត់សិទ្ធិអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់ដែលមិនអាចខ្វះបាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាពរបស់ប្រទេសក្នុងភាពអាសន្ន សំដៅការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត និងសុខភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងការពាំរទ្រព្យសម្បត្តិ និងបរិស្ថាន។
បើតាមមាត្រា៣ នៃសេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន បានឲ្យដឹងថា ចំពោះបែបទ និងនីតិវិធី នៃការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន កំណត់ថា នៅពេលប្រជាជាតិប្រឈមនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈ ដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា។ ការប្រកាសដាក់ប្រទេសជាតិស្ថិតនៅក្នុងភាពអាសន្ន ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។ ការប្រកាសដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងសម្រាប់ថិរវេលាមានកំណត់ ឬសម្រាប់ថិរវេលាមិនកំណត់។ ការដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបញ្ចប់ដោយព្រះរាជក្រឹត្យ នៅពេលសភាពការណ៍អនុញ្ញាត។
បើតាមមាត្រា៤ នៃសេចក្តីព្រាងច្បាប់ដដែលនេះ ការដាក់ប្រទេសស្ថិតក្នុងភាពអាសន្ន អាចធ្វើឡើងនៅពេលប្រទេសជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ជាអាទិ៍ គ្រោះថ្នាក់ដែលបង្កឡើងដោយសង្គ្រាម ឬការឈ្លានពានពីកម្លាំងបរទេស គ្រោះអាសន្នបន្ទាន់ចំពោះសុខភាពសាធារណៈ បណ្តាលមកពីការឆ្លងរាលដាលនៃជំងឺ ភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងគ្រោះមហន្តរាយធ្ងន់ធ្ងរ ដែលគំរាមកំហែង ឬអាចបង្កគ្រោះថ្នាក់រីករាលដាលដល់កម្រិតទូទាំងប្រទេស៕